រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលមហាវិថីឈ្នះឈ្នះ ប្រវែងជាង៧គីឡូម៉ែត្រ អោយរួចរាល់នៅមុនការប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ ដែលមានប្រវែងជាង ៧គីឡូម៉ែត្រឡើងវិញ ដើម្បីសម្រួលចរាចរណ៍និងលើកសោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែមានភាពស្រស់ស្អាត ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងកិច្ចប្រជុំលើគ្រោងនៃកាេជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដានេះជាមួយ មន្ទីរនិងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា កំណាត់មហាវិថីឈ្នះឈ្នះ ត្រូវតែជួសជុលឡើងវិញអោយស្អាត ជាមួយនិងការរៀបចិញ្ចឹមផ្លូវ សួន និងការដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ហើយគម្រោងនេះត្រូវតែធ្វើអោយបានលឿន ពោលគឺត្រូវតែរួចរាល់នៅមុន ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ខណៈដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ។
ឯកឧត្ដម ឃួង ស្រេង បានជម្រុញអោយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវជួសជុលផ្លូវនេះប្រកបដោយសោភណ្ឌភាព និងត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ជាមួយនិងការដាក់លូ ដែលអាចអោយទឹកហូរ មិនមានដក់លើផ្លូវ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានមានប្រសាសន៍បញ្ជាក់អោយដឹងថា កំណាត់មហាវិថីឈ្នះឈ្នះ ដែលត្រូវជួសជុលឡើងវិញនេះ មានប្រវែង ៧៣៤០ម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ៦A រហូតដល់ស្ពានព្រែកព្នៅ។ ចំពោះការជួសជុសត្រូវចាក់បេតុងឆ្អឹងដែក រួចអ៊ុត​កៅស៊ូ​(AC)ពីរស្រទាប់ ដាក់ប្រព័ន្ធលូចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦A រៀបខឿន និងរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីតសងខាងផ្លូវ ជាមួយនិងការ ការងារគូសគំនូសសញ្ញាចរាចរណ៍ តម្លើងផ្លាកសញ្ញាចរាចរណ៍ តម្លើងបង្គោលអគ្គិសនីបំភ្លឺផ្លូវនៅបណ្ដោយសងខាងផ្លូវ និងការរៀបសួនច្បារកណ្ដាលទ្រូងផ្លូវផងដែរ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ខាងមុខ ខណៈពហុកីឡដ្ឋានថ្មីសន្លាងមួយឈ្មោះ ពហុកីឡដ្ឋានជាតិមរតកតេជោ បាននឹងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាង ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាមិនត្រឹមជាមុខមាត់ខ្មែរប៉ុណ្ណោះទេ តែវាជាឱកាស ដែលកម្ពុជាស្តារវិស័យទេសចរណ៍ខ្លួនផង និងអាស៊ានផង ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង