ការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេក អភិបាលរាជធានីភ្នំពេញ ជម្រុញអោយស្ថាបនាឡើងវិញនៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ ការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ហើយត្រូវ ពលរដ្ឋស្នើអោយអាជ្ញាធរ ជួយពន្លឿនការស្ថាបនាឡើងវិញអោយឆាប់នោះ ពេលនេះត្រូវបាន អភិបាលរាជធានីភ្នំពេញ ជម្រុញអោយស្ថាបនាឡើងវិញនៅថ្ងៃ២៧ កក្កដាស្អែកនេះហើយ ដើម្បីឆ្លើយតបទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ព្រោះតែគ្មានផ្លូវដើរចេញចូលផ្ទះរបស់ពួកគាត់។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ខណៈពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌជ្រោយចង្វា ចុះពិនិត្យមើលស្ថានភាពនៃការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេក នាព្រឹកថ្ងៃទី២៦ កក្កដានេះ បានមានប្រសាសន៍លើកឡើងថា៖ ការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេកនេះ មន្ត្រីជំនាញត្រូវសិក្សាអោយបានម៉ត់ចត់ ហើយក្រុមការងារត្រូវធ្វើការអនុវត្តការងារ នៅថ្ងៃ២៧ កក្កដាស្អែកនេះទៅ ដើម្បីដោះស្រាយកង្វល់ និងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ។
លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក បានមានប្រសាសន៍បញ្ជាក់ថា ច្រាំងទន្លេដែលបាក់ចូលទៅក្នុងទន្លេ នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេកនេះ បានបាក់ចំនួន៣ដងជាបន្តបន្ទាប់គ្នា ប្រមាណជិត៥ខែមកហើយ ហើយក៏ត្រូវបានអាជ្ញាធរនិងប្រជាពលរដ្ឋ សហការគ្នាទប់បណ្តោះអាសន្ន ដើម្បីកុំអោយបាក់ផ្ទះប្រជាពលរដ្ឋចូលទៅក្នុងទន្លេទៀត។
ចំពោះមូលហេតុនៃការបាក់ច្រាំងទន្លេនេះ លោក អឿ ស៊ីផុន ក៏បានបញ្ជាក់ផងដែរថា គឺបណ្តាលមកពីដីជ្រាបទឹកចេញពីព្រែកតាគង់ ធ្វើអោយដីផ្នែកខាងក្រោមជ្រាយ ឈានទៅដល់ការបាក់តែម្តង។
ចំពោះការងារដែលត្រូវអនុវត្ត ដោយសារតែទឹកទន្លេសាបនៅទាប គឺអាចដំណើរការ លើការងារនេះបាន ដោយទី១៖ ត្រូវប្រើថ្មតូច ធំ ចាក់ទប់នៅបាតច្រាំងទន្លេ ទី២៖ កាយយកដីស្អុយចេញ ទី៣៖ ចាក់ខ្សាច់ក្រាលពីក្រោម និងទី៤៖ ចាក់ដីពីលើ បំពេញផ្លូវដែលបាក់នេះតែម្តង ហើយផ្លូវដែលបាក់នេះ មានប្រវែង៩០ម៉ែត្រ ត្រូវចាក់បំពេញ។
នៅក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានចូលមកជួប ឯកឧត្ដម ឃួង ស្រេង និងបានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដម ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺបានជួយទប់ច្រាំងទន្លេដែលបាក់នេះឡើងវិញ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង