អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ចុះសួរសុខទុក្ខ និងនាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លាចែកជូនដល់ប្រជានុរាស្ត្រចាស់ជរាក្រីក្រស្ថិតក្នុងឃុំសំបូរ
ខេត្តកំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី អមដំណើរដោយឯកឧត្តម ជួន គន្ធា លោកទីប្រឹក្សា ឃ្លៃ ឃ្លី និងសហការី បានចុះសួរសុខទុក្ខ និងនាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លាចែកជូនដល់ប្រជានុរាស្ត្រចាស់ជរាក្រីក្រស្ថិតក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្ថិតក្នុងឱកាសប្រកបដោយក្តីអំណរ ។អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័យជ្រះថ្លា និងសោមនស្សយ៉ាងក្រៃលែងចំពោះវត្តមានលោកមេឃុំ លោកមេភូមិ អាជ្ញាធរមូលដ្ឋាន និងប្រជានុរាស្ត្រក្មេងចាស់ប្រុសស្រី រួមសាមគ្គីទទួលស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ក្នុងពិធីសំណេះណាលសាកសួរសុខទុក្ខអំពីជីវភាពរស់នៅ និងការប្រកបរបរអាជីវកម្មរបស់បងប្អូនប្រជានុរាស្ត្រនៅក្នុងតំបន់នោះ ប្រកបដោយសេចក្តីស្និទ្ធិស្នាល និងរាក់ទាក់ក្រៃលែង។
ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរ អ្នកអង្គម្ចាស់ មានបីតិសោមនស្សរីករាយពន់ពេកចំពោះការទទួលបដិសណ្ឋារកិច្ច ប្រកបដោយក្តីរីករាយ និងសូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឫទ្ធីបារមី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមឲ្យប្រជានុរាស្ត្រគ្រប់រូប សមប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឆាតកភ័យផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស សម្តេចគ្រប់អង្គ និងទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការ កើតមានដល់ប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។
ព្រះអំណោយដែលត្រូវចែកជូនដល់បងប្អូនប្រជានុរាស្ត្រ មានសារុង និងថវិកាសម្រាប់ចាស់ជរា សៀវភៅ ប៊ិច និងថវិកាសម្រាប់កុមារាកុមារី ព្រមទាំងថវិកា ជូនលោកមេឃុំ មេភូមិ អាជ្ញាធរមូលដ្ឋានផងដែរ ។
នាឱកាសនោះ លោកមេឃុំ លោកមេភូមិ អាជ្ញាធរមូលដ្ឋាន និងប្រជានុរាស្រ្ត មានសេចក្តីត្រេកអរយ៉ាងពន់ពេកចំពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម ទីប្រឹក្សា ដែលជាសហការី បានយាង និងអញ្ចើញដល់មូលដ្ឋានប្រជានុរាស្ត្រក្រីក្រដោយផ្ទាល់ និងបានថ្លែងនូវអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យ អាណិតស្រលាញ់ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ អ្នកអង្គម្ចាស់មានព្រះសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជានុរាស្រ្តខ្វះខាតបន្ថែមទៀត។
ចុងទីបញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ផ្តាំផ្ញើដល់បងប្អូនប្រជានុរាស្ត្រខ្មែរទាំងអស់សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែរក្សាការពារ កេរ្តិតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតថេរចីរកាលនិរន្តរ៍តរៀងទៅ៕ អរគុណសន្តិភាព