៧ខែមកនេះ មន្ត្រីជំនាញតំបន់ដែនជម្រកការពារសត្វព្រៃកែវសីមា កសាងសំណុំរឿងបញ្ជូនជនសង្ស័យ១៥នាក់ទៅសាលាដំបូងខេត្ត
ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួន១៥នាក់ ត្រូវបានមន្ត្រីជំនាញតំបន់ដែនជម្រកការពារសត្វព្រៃកែវសីមា កសាងសំណុំរឿងក្នុងបទល្មើសធនធានធម្មជាតិ បញ្ជូនទៅកាន់តុលាការ ដោយគិតពីដើមឆ្នាំ២០២២ រហូតដល់ចុងខែកក្កដា កន្លងទៅនេះ។
លោក ហាន សាខន ប្រធានការិយាល័យដែនជម្រក សត្វព្រៃកែវសីមា បានឲ្យដឹងថា កន្លងមកមន្ត្រីឧទ្យានុរក្ស បានដកហូតវត្ថុតាងល្មើសច្បាប់ រួមមានរថយន្តចំនួន១៤គ្រឿង ម៉ូតូចំនួន៧៦គ្រឿង គោយន្តចំនួន៦គ្រឿង រណាយន្ត១៨១គ្រឿង ឈើចំនួន៩៣ម៉ែត្រគីប អន្ទាក់ជាង២៧១ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំនួន៤៥ករណី ដោយពិន័យអន្តរការណ៍ ៤ករណី ដែលនេះ គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ លោកប្រធានការិយាល័យបន្តថា វត្ថុតាងឈើ ដែលបានដោះស្រាយរួច ត្រូវបានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា រួមទាំងក្រសួងបរិស្ថាន ធ្វើការដេញថ្លៃ ដើម្បីលក់យកថវិកាចូលរដ្ឋ។
លោកប្រធានការិយាល័យបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារធនធានធម្មជាតិនៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា។ កម្លាំងឧទ្យានុរក្សបានធ្វើសកម្មភាពល្បាតដោយមិនខ្លាចនឿយហត់នោះឡើយ លោកទទួលស្គាល់ថា មានចំណុចខ្វះខាតខ្លះក៏ពិតមែន ប៉ុន្តែវានឹងបំពេញបន្ថែមនៅពេលក្រោយទៀតតាមរយៈបទ ពិសោធន៍នៃការងារដេកព្រៃរបស់ឧទ្យានុរក្ស។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាននៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ មានប្រសាសន៍ថា បទល្មើសធនធានធម្មជាតិ ពិសេសការកាប់ឈើ និងការដឹកជញ្ជូនលែងមានទ្រង់ទ្រាយធំទៀតហើយ ពោលគឺនៅមានតូចៗដឹកតាមម៉ូតូតែប៉ុណ្ណោះ ទោះជាយ៉ាងណា មន្ត្រីជំនាញនៅតែបន្តអនុវត្តវិធានការតឹងរឹងចំពោះជនល្មើសលួចកាប់ និងដឹកឈើ ទោះទំហំតូច ឬធំក្តី។
លោកប្រធានមន្ទីរបានបន្ថែមថា កម្លាំងឧទ្យាននុរក្សបានប្ដេជ្ញាដូចខ្ញុំបន្តធ្វើសកម្មភាល្បាតមិនឈប់ឈរនោះឡើយ លោកប្រធានមន្ទីរបន្តទៀតថា មកទល់ពេលនេះ ប្រជាពលរដ្ឋដែលធ្លាប់តែអាស្រ័យផលតាមរយៈការកាប់ព្រៃឈើ ចាប់សត្វព្រៃ បានកែប្រែឥរិយាបថបន្តិចម្តងៗ ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វ ងាកមកបង្កបង្កើនផលកសិកម្ម និងទទួលផលពីវិស័យទេសចរណ៍។
ការបង្កើតការងារថ្មីដល់ប្រជាពលរដ្ឋ ជំនួសការចូលព្រៃកាប់ឈើ បរបាញ់សត្វ ដាក់អន្ទាក់ មានសារសំខាន់ណាស់ ក្នុងការជំរុញការលើកកម្ពស់ការងារអភិរក្សធនធានធម្មជាតិ។ សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដីសរុប ២៩២ ៦៩០ ហិកតា មានព្រំប្រទល់ជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រិច និងប្រទេសវៀតណាម លាតសន្ធឹងលើផ្ទៃដីស្រុកកែវសីមា និងស្រុកអូររាំង ។
ដែនជម្រកសត្វព្រៃកែវសីមា មានសត្វព្រៃច្រើនជាង ១០០០ប្រភេទ ថនិកសត្វ ៩៤ប្រភេទ ក្នុងនោះ២២ ប្រភេទកំពុងរងការគំរាមកំហែង បក្សីចំនួន៣៥៦ ប្រភេទ និងដើមឈើ និងរុក្ខជាតិចំនួន ២៦៧ប្រភេទ៕ អរគុណសន្តិភាព