សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយសមាជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម ចូលជួបសំដែងការគួរសម


ភ្នំពេញ៖ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកជំទាវ ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិការកណ្តាលបក្ស​កុម្មុយ​នីស្តវៀតណាម សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានសមាគម​មិត្តភាព​វៀតណាម កម្ពុជា ចូលជួបសំដែងការគួរសម។

លោកជំទាវ ង្វៀន ធីថាញ់ មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះ​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ដែលបានអនុញ្ញា្យរូមលោកជំទាវ និងគណៈប្រតិភូទាំងអស់ អញ្ជើញចូលជួបសំដែង​ការគួរសម។ លោកជំទាវមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនរបស់ប្រទេសកម្ពុជា ហើយអ្វីដែលជាការចាប់អារម្មណ៍របស់លោកជំទាវ គឺការអភិវឌ្ឍដ៏ជឿនលឿនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនោះអ្វីដែលជាកត្តាសំខាន់បំផុត គឺការ​គ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា។លោកជំទាវមានប្រសាសន៍ អបអរសាទរចំពោះទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ដោយ សារឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ និងខួបលើកទី៤៥ ដែលការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលនឹងឈានចូលមក​ដល់​នៅឆ្នាំ២០២៣។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកជំទាវ ង្វៀន ធីថាញ់ និងគណៈប្រតិភូទាំងអស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា​នាឱកាស​នេះ។ សម្តេចតេជោបន្តថា ប្រទេសទាំងពីរកម្ពុជា វៀតណាម បានធ្វើការជាមួយគ្នាលើ​ក្របខណ្ឌជា​ច្រើន រួមទាំងក្នុងក្របខណ្ឌរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សភានិងសភា រហូត​ដល់អង្គការមហាជន។ សម្តេចតេជោបានគូសបញ្ជាក់ពីតួនាទីសំខាន់ របស់អង្គការមហាជន ក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចតេជោមានប្រសាសន៍ អបអរសាទរជូនចំពោះ លោកជំទាវ ង្វៀន ធីថាញ់ ដែលត្រូវបាន​តែងតាំង​ជាប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជា។

សម្តេចតេជោបន្តថា សម្តេចបាន​ធ្វើការ​ជាមួយសមាគមមិត្តភាពវៀតណាម កម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩​មកម៉្លេះ គឺមាន​រយៈពេល​ជា​ច្រើនឆ្នាំមកហើយ ហើយអ្វីដែលសំខាន់ថែមទៀតនោះ គឺយើងត្រូវបន្តថែរក្សា​តួនាទី និងទំនាក់ទំនងល្អលើនយោបាយការបរទេស ដែលមិត្តភាព សាមគ្គីភាពរបស់ប្រទេស​ទាំង​ពីរ គឺមិនអាចបំបែកបំបាក់បានឡើយ ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។សម្តេចតេជោបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចំរើនរបស់ប្រទេសវៀតណាម ហើយ​ដែលការរីកចំរើនរបស់វៀតណាម គឺពិតជាមានរួមចំណែកជួយដល់ការរីកចំរើនរបស់​កម្ពុជាផងដែរ។ ដោយសារទំនាក់ទំនងល្អនៃប្រទេសទាំងពីរ កម្ពុជាបានទទួលអ្នកវិនិយោគ​វៀតណាមដ៏ច្រើន រួមទាំងកិច្ចសហប្រតិ បត្តិការលើវិស័យផ្សេងៗទៀត រួមទាំងវិស័យ​ថាមពល។ វៀតណាមជាទីផ្សារដ៏សំខាន់ ក្នុងការទទួលកសផលនាំចេញពីកម្ពុជា។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់ជាង១០ពាន់លានដុល្លារ ដែលជាទំហំមួយដ៏ធំ។

សម្តេចតេជោបានស្នើដល់សមាគមមិត្តភាពវៀតណាម កម្ពុជា បន្តយកចិត្តទុកដាក់ជួយដល់​ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដែលចូលទៅសំរាកព្យាបាលជំងឺក្នុងប្រទេសវៀតណាម។ សម្តេចតេជោបានវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រងកូវីដ-១៩របស់ប្រទេសវៀតណាម យ៉ាង​មាន​ប្រសិទ្ធភាព។ ជាមួយគ្នានេះ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះការប្រែក្លាយតំបន់ព្រំដែន​ដែលធ្លាប់តែជាតំបន់អសន្តិសុខ ក្លាយទៅជាតំបន់ព្រំដែន សន្តិភាព មានកិច្ចសហប្រតិបត្តិការ​និងការអភិវឌ្ឍរីកចំរើន ទេសចរណ៍ អប់រំ វប្បធម៌ ពិសេសការធ្វើដំណើរចេញចូលរកគ្នា​រវាង​ប្រជាជន នៃប្រទេសទាំងពីរ។

ទាក់ទិនទៅនិងកិច្ចសហប្រតិបត្តិការរវាង សមាគមមិត្តភាពនៃប្រទេសទាំងពីរ លោកជំទាវ ង្វៀន ធីថាញ់ មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា សមាគមទាំងពីរបានចុះអនុស្សារណៈ នៃការយោគយល់គ្នា ដើម្បី​ពង្រីសកម្មភាពដើម្បីឲ្យសមាគមនេះ បន្តសកម្មភាពច្រើនជាមុន និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេស​ទាំងពីរ ពិសេសរវាងប្រជាជន និងប្រជាជន ពិសេស​លោកជំទាវមានការសប្បាយរីករាយ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ លោកជំទាវ ម៉ែន សំអន ក្នុងការជំរុញដំណើរការរបស់សមាគមទាំងពីរ ឲ្យកាន់តែបោះជំហានទៅមុខ។ លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចដឹកនាំរបស់ប្រទេសកម្ពុជា ពិសេសឆ្នាំ២០២២នេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ដែលនិងចូលរួមលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់​កម្ពុជា​ក្នុង​តំបន់ និងពិភពលោក៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង