រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតគំនូសចរាចរលើដងផ្លូវជាច្រើនខ្សែ នៅក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញអោយកាន់តែមានភាពស្រស់បំព្រង និងដើម្បីសម្រួលនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតគំនូសចរាចរលើដងផ្លូវជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោក ហេង ងួន ប្រធានការិយាល័យសាធារណៈការនៃ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងនៅព្រឹកថ្ងៃទី០៩ សីហានេះថា៖ អនុវត្ត តាមការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពអ៊ុតគំនូសចរាចរលើដងផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើមអនុវត្ត កាលពីថ្ងៃទី២០ កក្កដាមក ក្នុងនោះបានអ៊ុតគំនូសចរាចរលើកំណាត់ផ្លូវកម្ពុជាក្រោមចាប់ពីដល់ផ្សារធំថ្មីដល់ស្ពានអាកាស៧មករា ខណៈផ្លូវនេះបានជួសជុលនិងអ៊ុតកៅស៊ូAC រួចរាល់ ហើយការអ៊ុតគំនូសចរាចរលើកំណាត់នេះក៏បានរួចរាល់ហើយដែរ។
ក្រុមការងារបាននិងកំពុងធ្វើសកម្មភាពអ៊ុតគំនូសចរាចរលើកំណាត់ផ្លូវស៊ីសុវត្តិ ចាប់ពីស្ពានជ្រោយចង្វា ដល់រង្វង់មូលសម្តេច ជួន ណាត ។ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីព្រលានយន្តហោះភ្នំពេញ ដល់ផ្លូវព្រះមុន្នីវង្ស ក្រុមការងារបាននិងកំពុងអនុវត្តការងារ។
បើតាមការបញ្ជាក់ពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងផងដែរថា៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ៣០ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរាចរផ្លូវបានចំនួន ៦ខ្សែផងដែរ ក្នុងនោះរួមមាន អ៊ុតគំនូសចរាចរផ្លូវលេខ៣៣៧ វិថី មាត់ទន្លេជ្រោយចង្វារ មហាវិថី រដ្ឋសភា ផ្លូវខាងជើងស្ថានទូតរុស្ស៊ី ស្ពានជ្រោយចង្វារ រង្វង់មូលបាយ័ន និងរង្វង់មូលកួចកាណុង និងវិថី កែវ ចិន្តា ៕អរគុណសន្តិភាព