ច្បាប់មិនអនុញ្ញាតឲ្យរៀបចំមណ្ឌលបោះឆ្នោតពិសេសនៅក្រៅប្រទេសទេ


ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅនឹងគណបក្សនយោបាយចំនួន ៤ គឺគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សឆន្ទៈខ្មែរ ដែលបានស្នើឲ្យរៀបចំមជ្ឈមណ្ឌលពិសេសសម្រាប់ការបោះឆ្នោតដោយឡែកនៅឯក្រៅប្រទេស គឺច្បាប់មិនអនុញ្ញាតឲ្យ គ.ជ.ប រៀបចំមជ្ឈមណ្ឌលពិសេសដោយឡែកនៅឯក្រៅប្រទេសទេ។
លោកបន្តថា គ.ជ.ប អាចអនុវត្តបានទៅលើមណ្ឌលរៀបចំការបោះឆ្នោតពិសេសនៅឯក្រៅប្រទេស លុះត្រាតែមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងច្បាប់បោះឆ្នោត ផ្សេងទៀតដែលកំពុងនៅជាធរមាន។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅថ្ងៃទី១៩ ខែសីហានេះថា គ.ជ.ប ត្រូវបាន កំណត់ តួនាទី និងភារកិច្ច រៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតផ្សេងទៀតតាមច្បាប់ជាធរមាន ហើយបញ្ញត្តិនេះ គឺមានចែងក្នុងរដ្ឋធម្មនុញ្ញជំពូក ១៥ថ្មី(ពីរ)។ ពាក់ព័ន្ធការលើកស្នើឡើងរបស់គណបក្ស នយោបាយទាំង ៤ គ.ជ.ប ពុំមានអត្ថាធិប្បាយទេ។ គ.ជ.ប គឺជាស្ថាប័នអនុវត្ត រៀបចំចាត់ចែងការបោះឆ្នោតតាមច្បាប់ជាធរមាន ។ដូច្នេះនៅក្នុងបញ្ញត្តិដែលមានជាធរមាន គឺទាំងនៅក្នុងរដ្ឋធម្មនុញ្ញ ទាំងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីការបោះឆ្នោតផ្សេងទៀត ការបោះឆ្នោតត្រូវធ្វើដោយផ្ទាល់។ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតត្រូវបោះឆ្នោត នៅការិយាល័យបោះឆ្នោត ហើយការិយាល័យបោះឆ្នោត ត្រូវកំណត់ឲ្យបង្កើតឡើងតាមឃុំ /សង្កាត់នីមួយៗ ហើយនៅក្នុងឃុំ សង្កាត់ គឺជាទីតាំងរដ្ឋបាលដែលការិយាល័យបោះឆ្នោតត្រូវតាំអនៅ។ តាមបញ្ញត្តិនះមិនអនុញ្ញាតឲ្យ គ.ជ.ប រៀបចំមជ្ឈមណ្ឌលពិសេស ឬដោយឡែកនៅឯក្រៅប្រទេសនោះទេ។ គ.ជ.ប អាចអនុវត្តបានទៅលើមណ្ឌលរៀបចំការបោះឆ្នោតពិសេសនៅឯក្រៅប្រទេសលុះត្រាតែមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផង និងវិសោធនកម្មច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់បោះឆ្នោតផ្សេង​​ទៀតដែលកំពុងនៅជាធរមាន។ ការស្នើឡើងដោយគណបក្សនយោបាយទាំង៤នេះ គឺទី១. តម្រូវឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទី២. វិសោធនកម្មច្បាប់ស្តីពីការ បោះឆ្នោត ទាំង បោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា តំណាងរាស្ត្រ និងការ បោះឆ្នោត ជ្រើសរើសឃុំ/សង្កាត់ និងការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
អ្នក​នាំពាក្យ គ.ជ.ប បានបញ្ជាក់ថា “ចំណុចមួយដែលចង់បញ្ជាក់អំពីស្ថានភាពនៃការអនុវត្តជាក់ស្តែងពាក់ព័ន្ធទៅនិងការបោះឆ្នោតនៅក្នុងប្រទេស យើងគ្រាន់តែពិនិត្យមើលស្ថានភាពជាក់ស្តែងក្នុងការអនុវត្ត គ្រាន់​តែ​ការិយាល័យបោះឆ្នោតនៅក្នុងប្រទេសវាមានកើតឡើងនៅបញ្ហាជាច្រើនពាក់ព័ន្ធទៅនិងការបោះឆ្នោតទៅហើយ។ ហើយនោះគឺជាការចាត់វិធានការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ ទាំងបរិវេណខាងក្នុង ខាងក្រៅ និងក្នុងការិយាល័យបោះឆ្នោត។ នៅក្នុងប្រទេសកើតមានបញ្ហាប្រឈមជាច្រើនទៅហើយតើការបង្កើតមជ្ឈមណ្ឌលនៅឯក្រៅប្រទេសវាអាចប្រឈមនឹងបញ្ហាអ្វីខ្លះ? ចំណុចនេះគឺជាចំណុចដែលត្រូវពិចារណាអំពីយន្តការនៃការដោះស្រាយបណ្តឹងករណីមានភាពកើតឡើងនៅមណ្ឌលបោះឆ្នោត នៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ហើយតាមច្បាប់នៅកម្ពុជាការបោះឆ្នោត គឺត្រូវធ្វើនៅក្នុងការិយាល័យបោះឆ្នោត ដែលមានទីតាំងនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតរួចត្រូវវរាប់សន្លឹក​ឆ្នោតនៅការិយាល័យបោះឆ្នោត ហើយការិយាល័យបោះឆ្នោតនិងក្លាយទៅជាការិយាល័យរាប់សន្លឹកឆ្នោតនៅពេលបញ្ចប់ការ បោះឆ្នោត”។
អ្នកនាំពាក្យដដែលបញ្ជាក់ថា ការបង្កើតកមជ្ឈមណ្ឌលនៅក្រៅប្រទេស តើអ្នកណាជាអ្នករៀបចំទទួលនិងដោះស្រាយបណ្តឹងក្នុងករណីមានការប្តឹងតវ៉ាឬជំទាស់នៅក្នុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ហើយករណីនេះត្រូវសិក្សាឲ្យបានច្បាស់លាស់មុននឹងលើកឡើងការធ្វើវិសោធនកម្មច្បាប់ទាំងរដ្ឋធម្មនុញ្ញ ទាំងច្បាប់បោះឆ្នោត៕ by KT អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង