លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារតេជោព្យាបាលជំងឺកូវីដ-១៩ មន្ទីរពិសោធន៍ និងម៉ាស៊ីនផលិតអ៊ុកស៊ីសែន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារតេជោព្យាបាលជំងឺកូវីដ-១៩ មន្ទីរពិសោធន៍ និងម៉ាស៊ីនផលិតអ៊ុកស៊ីសែន ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ ដោយក្តីនឹករលឹក។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា សមិទ្ធិផលដែលបានដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ រួមមាន អគារជោព្យាបាលជំងឺកូវីដ-១៩ មួយខ្នងកម្ពស់ ០១ជាន់ មានទំហំ ៩០ម៉ែត្រ គុណ៣០ម៉ែត្រ ធ្វើពីគ្រឹះ សសរបេតុងដំបូលប្រក់ស័ង្កសី ដែលបានចំណាយថវិកាសាងសង់អស់ប្រមាណ ១,៧៤២,៨៣០ដុល្លារ និងអគារមន្ទីរពិសោធន៍ ១ខ្នង ទំហំ១៥.៨ម៉ែត្រ គុណ២៩ម៉ែត្រ ចំណាយថវិកាសាងសង់ អស់ចំនួន២៧០,០០០ដុល្លារអាមេរិក ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងការតម្លើងម៉ាស៊ីនផលិតអុកស៊ីសែន ដែលជាជំនួយមនុស្សធម៌ របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ផ្គត់ផ្គង់ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់រដ្ឋបាលខេត្ត ក៏ដូចជា អាជ្ញាធរពាក់ព័ន្ទទាំងអស់ បានរួមគ្នាយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ខេត្ត ជាពិសេស ការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដោយទទួលបានលទ្ធផល យ៉ាងល្អប្រសើរ។ ចំណែកឯ អាគារថ្មីរួមជាមួយនឹងសមិទ្ធផលដែលសម្ពោធថ្ងៃនេះ បានឆ្លុះបញ្ចាំងនូវការលូតលាស់ទៅមុខឥតឈប់ឈរ នៃវិស័យសុខាភិបាល ជាពិសេស ការចូលរួមចលនាពីមហាជនគ្រប់ទិសទី ដែលបានសាងសង់ មន្ទីរពេទ្យបង្អែកនេះ ដើម្បីបំពេញបន្ថែមដល់ការផ្តល់សេវាសុខភាពដែលកំពុងមានស្រាប់ទាំងផ្នែករដ្ឋ និងឯកជន និង រួមចំណែកដោះស្រាយ ការលំបាករបស់ប្រជាជននៅមូលដ្ឋានផង និងជួយជំរុញវិស័យសុខាភិបាលផង។ អាគារថ្មីមួយនេះ រួមជាមួយនឹងការបំពាក់នូវឧបករណ៍ទំនើបៗ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការផ្តល់សេវាថែទាំ និងព្យាបាលជម្ងឺកូវីដ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋយើង ជាពិសេស ស្ត្រី និងកុមារ នឹងជំរុញវិស័យសុខាភិបាល នៅក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែប្រសើរឡើង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានស្នើដល់បុគ្គលិកសុខាភិបាល៖

១៖ សូមបុគ្គលិកពេទ្យទាំងអស់ ជាពិសេសមន្ទីរពេទ្យបង្អែកនេះ ដែលកំពុងធ្វើប្រតិបត្ដិការផ្ដល់សេវាលើការសង្គ្រោះ និងពិនិត្យ ព្យាបាលជម្ងឺជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិតស្រលាញ់អ្នកជម្ងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យ។ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល នៅគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវបន្តការខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយដើម្បីផ្ដល់សេវាសុខភាព ឲ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ប្រសិទ្ធភាព នៃការការពារ-សុខភាព និងព្យាបាលឱ្យកាន់តែប្រសើឡើង។

២៖ សូមបុគ្គលិកពេទ្យប្រើប្រាសកាយវិការទន់ភ្លន់ សម្តីផ្អែមល្ហែម ចេះគួរសម សុភាពរាបសារ ដាក់អ្នកជម្ងឺ។ ម្យ៉ាងទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត សូមស្នើមន្ទីរពេទ្យទាំងអស់ ត្រូវថែររក្សាអនាម័យ ភាពស្អាតស្អំ គ្មានធូលី និងមេរោគ ជាពិសេសត្រូវសំអាតសម្ភារៈបរិក្ខាពេទ្យ កម្រាលឥដ្ឋ បន្ទប់អ្នកជម្ងឺ និងទីធ្លាពេទ្យទាំងមូលជាប្រចាំ។

៣៖ ស្នើរដ្ឋបាលខេត្តព្រះសីហនុ អជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ រួមជាមួយបុគ្គលិកមន្ត្រីរាជការនិងប្រជាពលរដ្ឋ មេត្តាចូលរួមថែរក្សាសមិទ្ធិផលនេះ ដើម្បីជាប្រយោជន៍សម្រាប់សុខភាព សាធារណៈនៅខេត្តព្រះសីហនុរបស់យើងបានយូរអង្វែង និងជំរុញនូវវធានការអប់រំដល់ប្រជាពលរដ្ឋ ក្នុងការថែរក្សាអនាម័យ និងការរស់នៅស្អាត៕

អត្ថបទដែលជាប់ទាក់ទង