អង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ៖ ឈ្មោះ ហាក់ ឧត្ដម បានក្លែងបន្លំយកកិត្តិនាម រាជវង្សព្រះស៊ីសុវត្ថិ ទៅបោកប្រាស់ប្រជានុរាស្ត្រ
ប្រភពពីអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន មានបន្ទូលឲ្យដឹងថា កាលពីពេលកន្លងទៅថ្មីៗនេះ មានបុរសម្នាក់ឈ្មោះ ហាក់ ឧត្ដម រស់នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត បានក្លែងបន្លំយកព្រះកិត្តិនាម វង្សព្រះស៊ីសុវត្ថិ ទៅបោកប្រាស់ប្រជានុរាស្ត្រជាច្រើននាក់ ដោយក្នុងនោះមាន ទាំងពាក្យបណ្តឹងប្តឹងជនខិលខូចរូបនោះផងដែរ។
ប្រជានុរាស្ត្រជាច្រើននាក់បានចាញ់បោកបុគ្គលរូបនេះ ក្រោមរូបភាពប្រើល្បិចទុច្ចរឹតផ្សេងៗដោយក្លែងបន្លំជាព្រះញាតិវង្សខ្សែព្រះស៊ីសុវត្ថិ ហើយបោកប្រាស់ប្រជានុរាស្ត្រ អោយខូចបង់នូវប្រយោជន៍ និងទ្រព្យសម្បត្តិ ។
បើយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានអោយដឹងផងដែរថា ជនខិលខូចឈ្មោះ ហាក់ ឧត្ដម រស់នៅស្រុកបន្ទាយមាស ខេត្តកំពត បានប្រើឈ្មោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ស៊ីសុវត្ថិ ឧត្ដម មុនី្ន ក្នុងគោលបំណងអោយជនរងគ្រោះមានជំនឿ និងទុកចិត្តហើយបានប្រើឧបាយកលទុច្ចរិតផ្សេងៗដើម្បីបោកប្រាស់ទ្រព្យសម្បត្តិប្រជានុរាស្ត្រតែម្តង ជាច្រើនលើកច្រើនសារជនខិលខូចរូបនេះ នៅតែបន្តធ្វើសកម្មភាពបែបនេះ ដោយពុំខ្លាចក្រែងបន្តិចសោះឡើយ ជាពិសេសហ៊ានយកព្រះកិត្តិនាមដ៏ឧត្តុងឧត្តមថ្លៃថ្លា នៃព្រះញាតិវង្សានុវង្សព្រះស៊ីសុវត្ថិ ទៅបោកប្រាស់ប្រជានុរាស្ត្រ ដោយឥតកោតក្រែង ដែលទង្វើបែបនេះធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិយស និងព្រះកិត្តិនាមព្រះញាតិវង្សានុវង្សដ៏ទៃទៀត ដែលលោកខិតខំបំរើរាស្ត្រយ៉ាងស្មោះស្ម័គ្រ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានបញ្ជាក់យ៉ាងច្បាស់ថា ជនខិលខូចរូបនេះមិនមែនជាព្រះញាតិវង្សានុវង្សនោះទេ គឺក្លែងបន្លំ ព្រះកិត្តិនាមព្រះស៊ីសុវត្ថិដើម្បីបោកបញ្ឆោតប្រជារាស្ត្រ ក្នុងនាមអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ព្រះអង្គសូមបដិសេធ និងថ្កោលទោសដាច់អហង្ការ ចំពោះជនខិលខូចរូបនេះ ហើយស្នើសុំមន្ត្រីអនុវត្តច្បាប់ជួយអន្តរាគមន៍ និងបញ្ឈប់នូវទង្វើដ៏អសីលធម៌ចំពោះបុគ្គលរូបនេះ កុំអោយបន្តក្លែងបន្លំព្រះកិត្តិនាមព្រះញាតិវង្សានុវង្សបោកប្រាស់ទ្រព្យសម្បត្តិប្រជានុរាស្ត្រដ៏ទៃទៀត ឆ្លៀតក្នុងឱកាសនេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ក៏បានផ្ញើសារដល់ប្រជានុរាស្ត្រទាំងអស់កុំអោយលង់ជឿជនខិលខូចរូបនេះ ឬជនទាំងឡាយណាដ៏ទៃទៀតដែលបានក្លែងបន្លំនិងតាំងខ្លួនជាព្រះញាតិវង្សានុវង្ស ក្នុងន័យដើម្បីបោកបញ្ឆោតទ្រព្យសម្បត្តិប្រជានុរាស្ត្រ ។
សូមបញ្ជាក់ថា ជនខិលខូចឈ្មោះ ហាក់ ឧត្ដម ដែលប្រើឈ្មោះក្នុងប្រូហ្វាល់ហ្វេសប៊ុក ហាក់ ឧត្ដមមុនី្ន ឬឈ្មោះក្លែង ស៊ីសុវត្ថិ ឧត្ដមមុនី្ន កំពុងតែគេចខ្លួននៅក្រៅសំណាញ់ច្បាប់នៅឡើយ ហេតុដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំចាញ់បោកជនខិលខូចរូបនេះតទៅទៀត ៕