«មាសសុទ្ធមិនខ្លាចភ្លើង»
សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី» ដែលចេញផ្សាយជាផ្លូវការនាព្រឹកនេះ គឺជាការផ្តល់នូវភាពស្អាតស្អំ និងភាពយុត្តិធម៌បំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរងនូវការចោទប្រកាន់ពីជនអគតិ ដែលតែងតែរិះរកវិធីសាស្ត្រក្នុងការបំភ្លៃ និងបំផ្លាញកិត្តិយសថ្នាក់ដឹកនាំកម្ពុជា ទន្ទឹមនឹងការចូលរួមអបអរសាទរជាមួយនឹងសេចក្តីសម្រេចនេះ ខ្ញុំសូមកត់សម្គាល់ផងដែរថា ទង្វើប៉ុនប៉ងដោយចេតនាក្នុងការចោទប្រកាន់ដោយគ្មានភស្តុតាង និងបំភ្លៃការពិត ដែលនាំអោយប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺតែងត្រូវបានបង្កឡើងជាបន្តបន្ទាប់ដោយមេដឹកនាំ និងសកម្មជនក្រុមប្រឆាំង។
តែយ៉ាងណាក្តី ទង្វើទាំងនោះតែងបរាជ័យ ដោយសារ «មាសសុទ្ធមិនខ្លាចភ្លើង»។
តាមរយៈសេចក្តីសម្រេចនាពេលនេះ ជាអាទិ៍ គឺជាសក្ខីភាពមួយដែលបញ្ជាក់ថាសម្តេចតេជោ ជាមាសសុទ្ធ ដែលមិនខ្លាចការប្រឈមជាមួយសកម្មភាពចោទប្រកាន់អគិតណាមួយឡើយ។
ការប៉ុនប៉ងទាំងនេះ ពិតណាស់មិនអាចកែប្រែតថភាពប្រវត្តិសាស្រ្តរបស់កម្ពុជានោះឡើយ ជាពិសេសចំពោះតួនាទី និងគំរូវីរភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលធ្លាប់ឆ្លងកាត់សង្រ្គាមចំនួន ១០៥ សមរភូមិ រំដោះប្រទេសជាតិបានយ៉ាងជោគជ័យពីរបបខ្មែរក្រហមដ៏ខ្មៅងងឹត និងជាវីរជនស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះ ឈ្នះ ឆ្នាំ១៩៩៨។ រឹងរិតតែមិនអាចបំភ្លៃបាននោះ គឺស្នាដៃសម្តេចនាយករដ្ឋមន្រ្តីក្នុងការការពារបូរណភាពទឹកដីចេញពីការឈ្លានពាលរបស់ប្រទេសជិតខាងកាលឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ និងជាពិសេស ស្នាដៃដ៏គួរជាទីមោទនៈក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នាពេលថ្មីៗនេះ ក្រោមការដាក់ចេញនូវយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ រួមផ្សំនឹងគោលនយោបាយដ៏មានប្រសិទ្ធភាព ជាពិសេសគោលនយោបាយគាំពារសង្គម ដែលផ្តល់អត្ថប្រយោជន៍ជាពិសេសដល់ជនក្រីក្រ។
សម្រាប់បុគ្គលណា ដែលតាំងខ្លួនថាជាអ្នកនយោបាយ ឬអ្នកវិភាគនយោបាយ តែមិនខ្វាយខ្វល់តាមដានពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាទាំងមូល ដែលកំពុងបន្តទទួលរងផលប៉ះពាល់ដោយជំងឺ CoVID19 បញ្ហាអតិផរណា ដែលកើតចេញពីសង្គ្រាម Ukraine-Russia និងផលអវិជ្ជមានជារួមចេញពីទណ្ឌកម្មសេដ្ឋកិច្ច (Economic sanctions) នានានោះ គឺទុកឲ្យទៅតាមហ្នឹងចុះ ។ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋខ្មែរបង្វែរមកមើលការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ដែលតែងតែនៅជាមួយប្រជាជន បន្តយកចិត្តទុកដាក់ ដោះស្រាយបញ្ហាដែលប៉ះពាល់ជីវភាពរបស់ប្រជាជន តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្ត និងគោលនយោបាយ ដែលមានលក្ខណៈសាកសមជាគណបក្សកាន់អំណាចក្នុងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង និងជាប្រចាំ៕ អរគុណសន្តិភាព