គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបើកកិច្ចប្រជុំរបស់ខ្លួន
ភ្នំពេញ៖ កិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបញ្ចប់ទៅដោយរលូនប្រកបដោយផ្លែផ្កាបំផុត ដោយអង្គប្រជុំបានពិនិត្យ ពិភាក្សាលើឯកសារកំពូលចំនួនពីរក្នុងនោះរួមមាន៖
(១)សេចក្តីព្រាងផែនការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជា និង
(២)ខ្លឹមសារសំណើវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ដាក់ជូនមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសអនុម័ត។
ថ្លែងប្រសាសន៍បិទកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សមាជិក សមាជិកា គណៈអចិន្ត្រៃយ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល សមាជិក សមាជិក ស.ស.យ.ក ទាំងអស់គ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេល ១០ឆ្នាំនេះ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តដើម្បីឱ្យនិមិត្តសញ្ញា ស.ស.យ.ក ក្លាយទៅជានិមិត្តសញ្ញាដែលប្រជាពលរដ្ឋទទួលស្គាល់ និងអបអរសាទរ។
ឯកឧត្តម បានគូសបញ្ជាក់ថា បើទោះបីជារយៈពេល ១០ឆ្នាំ គឺជារយៈពេលខ្លឹ ប៉ុន្តែសមិទ្ធផលដែល ស.ស.យ.ក សម្រេចបានមានច្រើន ដែលនេះបានឆ្លុះបញ្ចាំងពីបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ ស.ស.យ.ក ក្នុងការចូលរួមជាមួយប្រទេសជាតិ ក្នុងស្ថានភាពប្រទេសមានសុខសន្តិភាព៕