អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២២

នាព្រឹកថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈ អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាល ខេត្ត។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាល ខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជ អាវុធហត្ថ ខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណ ចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី ក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត  ដែល ខិតខំចូលរួម ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តបានយ៉ាងល្អប្រសើរ អរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំបំពេញការងារក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ព្រមទាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះអរគុណដល់មន្ទីរ-អង្គភាពក្នុងខេត្តក៏ដូចជាក្រុមហ៊ុននានាដែលបានចូលរួមឧបត្ថម្ភគាំទ្រជាមួយរដ្ឋបាលខេត្តដល់ដំណើរការរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ។

ឯកឧត្តមដាក់ចេញនៅទិសដៅសំខាន់ៗ ដោយត្រូវបន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែល​មិន​ទាន់បា​នចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ជាពិសេស ដូសទី៣ ដូសទី៤ និងដូសទី​៥។​ក្នុងនោះ គ្រោះមហន្តរាយៈ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវអប់​រំណែនាំ​ឲ្យប្រជាពលរដ្ឋមានវិធានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រោះថ្នាក់ធម្មជាតិ ដោយសារជំនន់ទឹកភ្លៀង ដែលកើតមានឡើងជាយថាហេតុ។

ជាមួយគ្នានោះ សម្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវចាត់វិធានការត្រៀ​មបង្ការ​សត្វល្អិ​ត​បំផ្លាញដំណាំស្រូវ ដំណាំផ្សេងៗ និងទប់ស្កាត់ជំងឺឆ្លងសត្វគ្រប់ប្រភេទ និងត្រៀមស្តារឡើងវិញ នៅតា​មឃុំ​ដែលទទួលរងផលប៉ះពាល់លិចស្រូវខូចខាតធ្ងន់ធ្ងរ ។ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច​គ្រប់​លំដា​ប់ថ្នា​ក់ ត្រូវទប់ស្កាត់សកម្មភាពលួចនេសាទនៅតំបន់អភិរក្ស និងទប់ស្កាត់ការប្រើប្រាស់ឧបក​រណ៍នេសា​ទ​ខុសច្បាប់នានា ជាពិសេសឧបករណ៍ឆក់ត្រី និងឧបករណ៍ដែលច្បាប់ហាមឃាត់។

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវបន្តពិនិត្យចំពោះទីតាំងដែលធ្លា​ប់មានលេងល្បែង​​ស៊ី​សង​​ខុសច្បាប់ដូចភ្លៀងរលឹម ដែលជ្រកក្រោមរូបភាពហាងកាហ្វេ ហាងបាយ និងរូបភាព​ផ្សេង​ទៀត។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់​គ្រឿង​ញៀននៅ​តាមមូលដ្ឋាន។បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេស​ជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់។

ចំពោះអាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យមើលការសាងសង់សំណង់អណាធិបតេយ្យ ដែលគ្មានច្បាប់អ​នុ​ញ្ញាត និងទីតាំងអាជីវកម្មពុះដីឡូតិ៍ អាជីវកម្មផ្ទះល្វែងសម្រាប់លក់ ត្រូវជំរុញ ឲ្យមកសុំច្បាប់ឲ្យបា​នត្រឹម​ត្រូវតាមប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចនវត្ថុ មិនអនុញ្ញាតឲ្យលក់ដូរ មុនសុំច្បាប់អា​ជីវកម្មឡើយ៕

 

 

អត្ថបទដែលជាប់ទាក់ទង