ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងផលដំណាំរបស់កសិករ ក្នុងមូលដ្ឋានស្រុកអង្គរបូរី
តាកែវ៖ នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមដំណើរ លោកអភិបាលរងខេត្ត និងលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្ត បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹក នៅតាមមូលដ្ឋានស្រុកអង្គរបូរី ដែលបង្ករអោយមានផលប៉ះពាល់ដល់ផ្លូវថ្នល់មួយចំនួន បណ្តាលអោយបាក់ច្រាំង ទឹកហូរច្រុះផ្លូវ និងនូវតាមតំបន់ខ្លះមានការជនលិចផលដំណាំស្រូវរបស់ប្រជាកសិករនៅក្នុងស្រុកអង្គរបូរី មានចំនួន ២២៦០ហិកតា ក្នុងនោះខូចខាតទាំងស្រុងចំនួន ២៩៤ហិកតា។
ថ្លែងនៅក្នុងការចុះពិនិត្យស្ថានភាពទឹកនៅក្នុងមូលដ្ឋានស្រុកអង្គរបូរីនេះដែរ ឯកឧត្តម អ៊ូច ភា បានជំរុញឱ្យអាជ្ញាធរស្រុក និងមេឃុំព្រៃផ្គាំ ត្រូវបណ្តុះគំនិតដល់ប្រជាពលរដ្ឋពីការរក្សាទុកស្បៀងស្រូវទុកផ្គត់ផ្គង់សម្រាប់ក្រុមគ្រួសាររបស់ខ្លួន កុំលក់ស្រូវទល់តែអស់ពីផ្ទះ រួចចាំទិញអង្ករនាំចូលវិញ ធ្វើឱ្យការចំណាយថវិការប្រចាំគ្រួសារមានការកើនឡើង និងមួយវិញទៀតធ្វើឱ្យតម្លៃស្រូវក្នុងស្រុកមានការធ្លាក់ចុះផងដែរ ដូច្នេះមន្ទីរជំនាញ និងអាជ្ញាធរស្រុកគួរពិនិត្យលើបញ្ហានេះ៕