លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អបអរសាទរទិវាជនពិការកម្ពុជាលើកទី២៤ និងទិវាជនពិការអន្តរជាតិលើកទី៤០
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងទិវាជនពិការកម្ពុជាលើកទី២៤ និងទិវាជនពិការអន្តរជាតិលើកទី៤០ ប្រធានបទឆ្នាំនេះគឺ «ពិការភាពទាំងអស់មិនអាច កំណត់ដោយការមើល នឹងភ្នែកនោះទេ» ដែលមានសមាសភាពចូលរួមចំនួន ២.៦៣០នាក់ នៅសាលមហោស្រព និងពិព័ណ៌កោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។
លោកជំទាវក៏បានបន្តទៀតថា រាជរដ្ឋាភិបាល បានយកចិត្តទុក្ខដាក់ក្នុងការបង្ការ ពិការភាព ការគាំទ្រ និងលើកទឹកចិត្ត ការលើកកម្ពស់សិទ្ធិប្រកបដោយសេចក្តីថ្លៃថ្នូរ ជំរុញឲ្យមានការដាក់បញ្ចូល បងប្អូនជនពិការទៅក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សំដៅជួយដល់ជនពិការ និងក្រុមគ្រួសារឱ្យទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈស្មើគ្នា ការចូលរួមគ្រប់សកម្មភាពក្នុងសង្គម ទាំងការទៅចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត តាមរយៈ ការកែសម្រួលនិង រៀបចំលិខិតបទដ្ឋានគតិយុត្ត ការចុះផ្សព្វផ្សាយបានយល់ដឹងអំពីវិស័យពិការភាព ទៅគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ជនពិការគ្រប់រូបនៅកម្ពុជា៕ អរគុណសន្តិភាព