អបអរសាទរសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រាប់ពូជល្អ ជំនាន់ទី១ ដល់ជំនាន់ទី៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ


ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធី « ប្រគល់វិញ្ញាបនបត្រជូនសិក្ខា​កាមវគ្គបណ្តុះបណ្តាលគ្រាប់ពូជល្អជំនាន់ទី១ ដល់ជំនាន់ទី៨ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រនេះដែរ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មា​ធិការអចិន្ត្រៃយ៍នៃ ស.ស.យ.ក. ឯកឧត្តម ទុយ ស៊ីផាន់ ប្រធានគណៈគ្រប់គ្រងកម្មវិធី ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ និងក្រុមការងារកម្មវិធី ព្រមទាំងសិក្ខាកាម សរុបប្រមាណ ៦០០នាក់។

«ធ្វើជាថ្នាក់ដឹកនាំ គឺលំបាក ដោយ​សារ​ថ្នាក់ដឹកនាំ ត្រូវមានការទទួលខុសត្រូវ និងការលះបង់ខ្ពស់» «ចំណេះដឹង ជាមូលដ្ឋានដើម្បីដឹកនាំ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការចេះប្រើប្រាស់ចំណេះដឹងដែលមាន ឱ្យស្របតាមបរិបទ និងគោលដៅដែលចង់បាន» នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងទៅកាន់អង្គសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលគ្រាប់ពូជល្អជំនាន់ទី១ ដល់ជំនាន់ទី៨ក្នុងពីធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គ ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។

ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមប្រធានស.ស.យ.ក. ក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ បន្តខិតខំបណ្តុះ សម្រួចសមត្ថភាព និងចំណេះដឹងរបស់ខ្លួនបន្ថែមទៀត តាមរយៈការរៀនពីទ្រឹស្តី រៀនពីការសង្កេត​ពីថ្នាក់ដឹកនាំ និងការរៀនពីការអនុវត្តផ្ទាល់ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចជោគជ័យក្នុងភារកិច្ចការងារសម្រាប់ខ្លួនឯង និងសង្គមជាតិ។

សូមជម្រាបជូនដែរថា ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម សាយ សំអាល់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំ «វគ្គបណ្តុុះបណ្តាលគ្រាប់ពូជល្អ» ដោយបើកឱកាសយុវជន និងមន្ត្រីរាជការដែលមានឆន្ទៈ និងសក្តានុពលពិតប្រាកដ មកចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដើម្បីប្រែក្លាយខ្លួនទៅជាធនធានជួរមុខរបស់ក្រសួង ស្ថាប័ន អង្គភាពនានា និងរបស់ជាតិប្រកបមានគុណធម៌ ឧត្តមគតិ និងមនសិការ។ វគ្គបណ្តុះបណ្តាលគ្រាប់ពូជល្អនេះ ត្រូវបានបញ្ចប់ដោយ​ជោគជ័យសរុបចំនួន៨ជំនាន់ ហើយក្នុងពិធីនារសៀលនេះ នឹងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខា​កាមសរុបចំនួន ៥៤២រូប៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង