លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣
ខេត្តសៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងនាមក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប នៅសាលប្រជុំមន្ទីរពេទ្យជ័យវរ្ម័នទី៧។
លោកជំទាវវេជ្ជបណ្ឌិតបានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះបុគ្គលិកមន្ត្រីរាជការទូទាំងប្រទេស ដែលបានលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងតួនាទីជាមន្ត្រីសាធារណៈបំរើសុខភាពជូនប្រជាពលរដ្ឋ ពិសេសថ្នាក់ដឹកនាំគណៈអភិបាលខេត្ត មន្ទីរ អង្គភាព អង្គការដៃគូ សប្បុរសជន និងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានសហការល្អ ដើម្បីឈានទៅសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ នាពេលកន្លងមក។
លោកជំទាវក៏បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ម៉ឹងមាត់ និងឈ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួយឲ្យប្រជាពលរដ្ឋបានរស់នៅក្នុងសុខដុមរម្យនា ដោយអាចឆ្លងផុតនូវការរាតត្បាតនៃជំងឺកូវីដ-១៩ និងការឈានដល់ការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញជាជំហានៗតាមគន្លងប្រក្រតីថ្មីផងដែរ។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសន្និបាតដ៏មានសារៈសំខាន់ និងស្នើសុំបុគ្គលិកមន្ត្រីរាជការ និងដៃគូពាក់ព័ន្ធ បន្ដចូលរួមគាំទ្រ និងអនុវត្ដរាល់ផែនការសកម្មភាពនានាក្នុងវិស័យសុខាភិបាលឱ្យបានកាន់តែសកម្មបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានសមិទ្ធផលថ្មីៗ ក្នុងខេត្តក៏ដូចសង្គមជាតិទាំងមូល៕ អរគុណសន្តិភាព