ឯកឧត្តម វ៉ាត់ ចំរើន ៖ ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម នឹងផ្លាស់ប្តូរឥរិយាបថប្រជាជន ចំពោះសហគន៍អន្តរជាតិ


ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានលើកឡើងថា ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺទទួលបានផលប្រយោជន៍មកវិញ យ៉ាងច្រើន ជាពិសេស គឺនឹងផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន ចំពោះសហគមន៍អន្តរជាតិ។
«គុណតម្លៃនៃការទទួលរៀបចំធ្វើម្ចាស់ផ្ទះ គឺស្ថិតនៅត្រង់ចំណុចនេះ។ នេះជាមោទនភាពជាតិរបស់ប្រជាជនខ្មែរជាង ១៦លាននាក់ ក្នុងនាមជាម្ចាស់ផ្ទះទាំងអស់គ្នា។ ការរៀបចំនេះ កម្ពុជាត្រៀមចំណាយថវិកាជាតិជាង១០០លានដុល្លារអាមេរិក ប៉ុន្តែគុណតម្លៃដែលលើសពីលុយនេះ គឺកិត្តិយសជាតិ សុខភាព ហើយគុណតម្លៃពិសេស គឺនឹងផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជនជាម្ចាស់ផ្ទះ»។ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន ក្នុងវគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត កាលពីថ្ងៃ២៥ ដល់ទី២៦ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ឯកឧត្តម បានបន្ថែមថា៖ «ប្រជាជនជាម្ចាស់ផ្ទះ ធ្លាប់តែមិនធ្លាប់ធ្វើកិច្ចការជាមួយគ្នា មិនសូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា ប៉ុន្តែពេលយើងកំពុងត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ គឺយើងទាំងអស់គ្នា សប្បាយរីករាយ និងមានស្មារតីរួមគ្នាមួយ។ ជាក់ស្តែង ដូចជាអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ជាដើម មានស្មារតីរួបរួមគ្នា ក្នុងការជួយជ្រោមជ្រែងបម្រើដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាយើងទាំងអស់គ្នា»។
ប្រតិបត្តិករកីឡារូបនេះ បានឱ្យដឹងទៀតថា នៅក្នុងយុទ្ធនាការរបស់គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បានដាក់ចេញនូវយុទ្ធនាការជាច្រើន ក្នុងនោះក៏មានយុទ្ធនាលើសពីការប្រកួតកីឡា (Beyond The Games) ដែលយើងទាំងអស់គ្នាប្រមូលផ្តុំនូវស្មារតីរួមគ្នា។ នៅពេលប្រកួតកីឡា គឺយើងនឹងទទួលបាននូវស្មារតីជាតិនិយមទាំងអស់គ្នា។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងសម្រួចស្មារតីជាតិនិយមរបស់យើង ចេះស្រឡាញ់ជាតិរបស់យើងទាំងអស់គ្នា តាមរយៈស្មារតីគាំទ្រ ហ៊ោកញ្ជ្រៀវអបអរសាទរដល់ការប្រកួតរបស់យើងជាដើម។ ទឹកចិត្ត ស្មារតីនៃការចូលរួមរបស់យើង មិនមែនទាល់តែត្រូវចូលរួមនោះទេ ពោលគឺគ្រាន់តែយើងផ្តល់ការគាំទ្រ នោះគឺជាស្មារតីជាតិនិយមហើយ»។

ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន បានចែករំលែកដល់អ្នកស្ម័គ្រចិត្តទាំងអស់ថា អ្នកស្ម័គ្រចិត្ត ត្រូវរៀបចំខ្លួនបម្រើការងារឱ្យបានល្អ ត្រូវមានអនុស្សាវរីយ៍ល្អៗជាមួយគ្នា ហើយជាអ្នកនាំសារក្នុងភាពជាវិជ្ជមាន ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់កម្ពុជាទៅកាន់ពិភពលោក ព្រោះក្នុងពេលព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ពិភពលោកនឹងមើលមកកម្ពុជាច្រើនណាស់។ លើសពីនេះ ឯកឧត្តម ក៏ស្នើសុំឱ្យអ្នកស្ម័គ្រចិត្ត ធ្វើយ៉ាងណាបម្រើការងារប្រកបដោយឥរិយាបថល្អ ផ្តល់ស្នាមញញឹម ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏សំខាន់ទាំង២នេះ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្រោយកម្ពុជាបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង