លោក Donald Trump នឹងត្រូវឡើងតុលាការដើម្បីប្រឈមនឹងការចោទប្រកាន់បទឧក្រិដ្ឋ

បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣ លោក Donald Trump នឹងបង្ហាញខ្លួនជាលើកដំបូងចំពោះមុខតុលាការនៅទីក្រុងញូវយ៉ក ដើម្បីប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌដែលគំរាមកំហែងដល់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់សហរដ្ឋអាមេរិកម្ដងទៀតនៅឆ្នាំ២០២៤។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក វ័យ៧៦ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបង់ប្រាក់បំបិតមាត់ចំនួន ១៣០,០០០ដុល្លារ ឲ្យតារាកូនជ្រូកម្នាក់ កុំឲ្យនិយាយពីរឿងអាស្រូវផ្លូវភេទ នៅមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦។ គណបក្សសាធារណរដ្ឋ ដែលត្រូវបានចោទប្រកាន់នេះ បានអះអាងថា លោក ត្រាំ គឺជា «ជនរងគ្រោះនៃ ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ» ប៉ុន្តែក៏កំពុងប្រើសំណុំរឿងនេះដើម្បីពង្រឹងមូលដ្ឋានការគាំទ្ររបស់លោក និងការរៃអង្គាសប្រាក់រាប់លានដុល្លារសម្រាប់ការដណ្តើមយកសេតវិមានមកវិញនៅឆ្នាំក្រោយ។
លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងចាកចេញពីអគារដ៏ខ្ពស់របស់លោកនៅតំបន់អភិជន Fifth Avenue នៅព្រឹកព្រលឹមថ្ងៃទី ០៤ ខែ មេសា ដើម្បីធ្វើដំណើរទៅកាន់បរិវេណតុលាការ Manhattan ជាកន្លែងដែលលោកនឹងប្រគល់ខ្លួនជូនអាជ្ញាធរ។នៅថ្ងៃ អង្គារ សប្ដាហ៍នេះ លោក ត្រាំ ក៏ត្រូវបានគេរំពឹងថា នឹងត្រូវផ្ដិតមេដៃ ថតរូប និង ស្ដាប់ការធ្វើបទបង្ហាញពីការចោទប្រកាន់ប្រឆាំងនឹងរូបលោក នៅតុលាការក្នុងសង្កាត់ Manhattan។បើតាមមន្ត្រីតុលាការម្នាក់បានឲ្យដឹងថា ការបង្ហាញខ្លួនក្នុងសវនាការរបស់លោក ត្រាំ គ្រោងនឹងធ្វើឡើងនៅវេលាម៉ោង ២:១៥នាទីរសៀល ថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រោយចប់ សវនាការភ្លាមៗ លោក ត្រាំ នឹងត្រឡប់ទៅកាន់រដ្ឋ Florida វិញ ព្រមទាំងនឹងធ្វើសេចក្ដីថ្លែងការណ៍មួយចេញពីភូមិគ្រឹះ Mar-a-Lago របស់លោក នៅម៉ោង ៨:១៥នាទីយប់ ថ្ងៃពុធសប្ដាហ៍នេះ។
សូមជម្រាបថា លោក ត្រាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដោយគណៈវិនិច្ឆ័យនៃសង្កាត់ Manhattan ទីក្រុងញូវយ៉ក ដែលបានរុញសហរដ្ឋអាមេរិកឲ្យធ្លាក់ទៅក្នុងនយោបាយដ៏អាក្រក់មិនធ្លាប់មាន៕ by កម្ពុជាប្រវត្តិសាស្រ្ត
អត្ថបទដែលជាប់ទាក់ទង