ពិធីបុណ្យកាត់ឬសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី


ភ្នំពេញ៖ ពិធីបុណ្យកាត់ឬសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី គ្រោងធ្វើឡើង ក្នុងរយៈពេល​៣យប់​៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ។
ពិធីបុណ្យនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ណង់ខ្ពស់ក្នុងពិធីកាត់ឬសសីមា ដើម្បីអោយពិធីនេះប្រព្រឹត្តទៅដោយភាពអធឹកអធម និងរក្សាបានសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយជូនថ្នាក់ដឹកនាំប្រទេសនោះ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ តែងបានចុះពិនិត្យទីតាំងជាក់ស្តែង ក្នុងទីអារាមវត្តនេះ ដែលស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងបើកកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយកងកម្លាំងពាក់ព័ន្ធ។
ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ មេសា ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំង កងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត បានចុះវាស់វែង ពិនិត្យទីតាំង ព្រមទាំងបើកកិច្ចប្រជុំពិភាក្សាលើការងារមួយចំនួន​ថែមទៀត ដើម្បីធានាថា ពិធីនេះប្រព្រឹត្តទៅដោយភាពអធឹកអធមនិងមានសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយ ជូនថ្នាក់ដឹកនាំប្រទេស។
កិច្ចប្រជុំនេះបានធ្វើឡើងក្នុងទីអារាមវត្តព្រះបារមីវង្កតបុរីនេះតែម្តង ដោយប្រជុំពិភាក្សា លំអិតលើកិច្ចការងាររៀបចំរោងពិធីទាំងមូល ពិភាក្សា លើកិច្ចការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធី ពិសេសកិច្ចការពារសុវត្ថិភាព ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយដែលបានតំកល់ធាតុមាតា បិតារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឬសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្រាប់ថ្ងៃទី២៤ មេសា សម្ដេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន និងអញ្ជើញកាត់ឬសីមា ។
ឯកឧត្តម ឃួង ស្រេង បានអោយដឹងថា ពិធីបុណ្យ៣យប់៤ថ្ងៃនេះ នឹងរៀបចំក្រុមសិល្បៈកំសាន្តជាច្រើនក្រុម ដើម្បីសម្តែងជូនទស្សនិកជនបានមើលកំសាន្ត ដោយមានទាំងក្រុមល្ខោនបាសាក់ ចាប៉ីដងវែង អាយ៉ៃឆ្លើយឆ្លងនិងការប្រគុំតន្ត្រីផងដែរ ឯកឧត្តមបានជម្រុញអោយមានការរៀបចំអោយបានល្អនិងត្រូវពេលវេលា ដើម្បីផ្តល់ភាពងាយស្រួលដល់ទស្សនិកជនបានទស្សនាកំសាន្តសប្បាយ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង