ការ៉ុត Carrot មានអត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាពភ្នែកមនុស្ស ដោយសារមានសារធាតុ បេតាការ៉ូតែន (caroten)

ការ៉ុត ៖ មានឈ្មោះវិទ្យាសាស្ត្រ Daucus Carota L មានប្រភពដើមនៅទ្វីបអឺរ៉ុប ជារុក្ខជាតិមើម ដែលគេដាំនៅតាមតំបន់ត្រជាក់ ឬតំបន់ភ្នំ។ ប្រជាជនខ្មែរយើង និយមប្រើប្រាស់មើមការ៉ុត ធ្វើជាបន្លែ និងអន្លក់។
លក្ខណៈរូបសាស្ត្រ៖ តិណជាតិ (herbaceous) នេះរស់បាន២ឆ្នាំ។ ដំបូង ឫសធំចាក់ទៅក្នុងដី ក្រោយមកមានឫសខ្លីតូចៗច្រើនចេញពីឫសធំ។ ឫសធំក្លាយជាដើម មានពណ៌លឿងទឹកក្រូច ដែលគេបរិភោគបាន។ តួដើមមានកម្ពស់៣០-៨០ស.ម។ ផ្នែកក្រោមនៃតួដើម មានស្លឹកច្រៀកយ៉ាងជ្រៅជិតដល់ទ្រនុង ហើយតម្រៀបជាស្និត (pinnatisect)។ ផ្កាពណ៌ស ផ្គុំជាកញ្ចុំរាងឆត្រតូចៗ (umbellules) កញ្ចុំផ្កាឆត្រតូចៗ ផ្តុំគ្នាជាកញ្ចុំ ឆត្រធំ(umbel) នៅកណ្តាលកញ្ចុំ អាចមានផ្កាពណ៌ក្រហម ឬពណ៌ត្នោត ដោយសារមានជាតិអង់តូស្យានីន (anthocyanins)។ ផ្កាទ្វេភេទ មានត្របកផ្កា៥ ស្រទាប់ផ្កា៥ កេសរឈ្មោល៥ កេសរញី២។ ផ្លែស្ងួត២ជាប់គ្នា (di-achene) កោង។ គ្រាប់មាន ទ្រនុងជុំវិញ។
លក្ខណៈជីវសាស្ត្រ៖ ឫសធំនៃរុក្ខជាតិនេះក្លាយទៅជាដើម ដោយសារនៅពេលដុះចេញពីគ្រាប់ ផ្នែកស្លឹក ដែលនៅក្នុងដីបានរីកធំ ហើយផ្ទុកជាតិស្ករក្នុងកោសិកា ធ្វើឱ្យមើមមានរសជាតិផ្អែម បង្គួរ។ រុក្ខជាតិនេះ ដុះល្អលើដីសើមល្មមមានខ្សាច់ មានជី តែគ្មានដីឥដ្ឋ ដុំគ្រួស ដុំថ្ម និងគ្មានទឹកដក់ ។
ការប្រើប្រាស់៖
ជាបន្លែ៖ មើមការ៉ុត ប្រើជាបន្លែក្នុងសម្លស្ងោរ ស៊ុប ជ្រក់ និងអន្លក់។
ជាឱសថ៖ មានអត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាពភ្នែកមនុស្ស ដោយសារ មានសារធាតុ បេតាការ៉ូតែន (caroten)៕
អត្ថបទដែលជាប់ទាក់ទង