ក្រសាំងទាប Peper elder, shining bush plant
ក្រសាំងទាប៖ មានឈ្មោះវិទ្យាសាស្ត្រ Peperomia pellucida (L.) Kunth ជារុក្ខជាតិ ដុះដោយឯកឯង ឬត្រូវបានគេដាំនៅតាមទីជនបទស្រុកស្រែចម្ការ ជាពិសេស ច្រើនដុះនៅ កន្លែងសើម និងមានម្លប់។ ប្រជាជនខ្មែរយើងប្រើប្រាស់សម្រាប់ជាបន្លែ និងឱសថ។
– លក្ខណៈរូបសាស្ត្រ៖ តិណជាតិ (herbaceous) មានកម្ពស់១០-៣០ស.ម។ តួដើមដំបូងដុះត្រង់ទៅលើ រួចកោងចុះក្រោមដល់ដី ហើយចាក់ឫសតាមថ្នាំង។ ស្លឹកដុះវិលគូទខ្យង (spiral)។ ស្លឹកមូលទ្រវែង មានទ្រនុងរាងកង្ហារ (palmatinerved) មានទង។ ផ្កាទ្វេភេទ គ្មានទង គ្មានត្របកផ្កា គ្មានស្រទាប់ផ្កា មានកេសរឈ្មោល២ កេសរញី១។ ផ្លែជាឌ្រុប (drupe) មានរាងជាដុំមូល ហើយមានគ្រាប់តែ១។
– លក្ខណៈជីវសាស្ត្រ៖ សំណាបដុះពន្លកក្នុងរវាងពេលប្រហែល១៥ថ្ងៃ ក្រោយពីការបណ្តុះគ្រាប់ ហើយ អាចលូតលាស់រហ័ស។ ស្លឹកមានជាតិប្រេងសំខាន់ (essential oil) ច្រើន។
– លក្ខណៈអេកូឡូស៊ី៖ ដុះនៅតាមទីជនបទស្រុកស្រែចម្ការ និងក្បែរផ្ទះ ជាពិសេសកន្លែងដែលសើម និង
មានម្លប់។
* ការប្រើប្រាស់៖
– ជាបន្លែ៖ ដើម និងស្លឹកខ្ចីៗ សម្រាប់យកធ្វើជាបន្លែឆា និងរបោយ។ ដើម និងស្លឹក ចាស់ៗ សម្រាប់ធ្វើជាចំណីគោ ក្របី។
– ជាឱសថ៖ រុក្ខជាតិនេះ គេបានប្រើជាឱសថនៅពេលឈឺពោះ ឈឺក្បាល ឬឈឺសន្លាក់ ឆ្អឹង៕