ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតថ្លែងថា ៖ សន្តិភាព បានកើតឡើងដោយលំបាក ប៉ុន្តែអាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងធ្វេសប្រហែស
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតថ្លែងថា៖ ”សន្តិភាព បានកើតឡើងដោយលំបាក ប៉ុន្តែអាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងធ្វេសប្រហែស ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់បន្តរួបរួមក្នុងធ្លុងសាមគ្គី ដើម្បីបន្តថែរក្សាសន្តិភាព និងភាពសុខសាន្តសុខដុមរមនារបស់សង្គមជាតិយើងឱ្យបានគង់វង្សតរៀងទៅសម្រាប់កូនចៅជំនាន់ក្រោយ តាមរយៈការបន្តផ្តល់ទំនុកចិត្តចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដូចដែលយើងធ្លាប់ទទួលបានភាពកក់ក្តៅអស់រយៈកាលជាង ៤០ ឆ្នាំនេះ កន្លងមកហើយ”។
នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តជ្រោយអំពិល ស្ថិតនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា សមិទ្ធផលសន្តិភាព និងស្ថិរភាព ដូចដែលយើងកំពុងមានបច្ចុប្បន្ននេះ គឺជាពរជ័យ និងជាទ្រព្បសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ជាតិ និងប្រជាជន ដែលយើងទាំងអស់គ្នាអាចមើលឃើញយ៉ាងជាក់ស្តែង ធៀបនឹងអតីតកាលដ៏សែនជូរចត់ខ្លោចផ្សាដែលជាតិខ្មែរយើងធ្លាប់បានហែលឆ្លងកាត់អស់រយៈកាលជាង ៥០០ ឆ្នាំកន្លងមក នៅមុនសម័យតេជោសន្តិភាពនេះ៕ អរគុណសន្តិភាព