កម្មការិនី រស់ ស្រីមុំ ឈរពីមុខផ្ទះរបស់ខ្លួន ផ្ទះមិនធំស្កឹមស្កៃទេ តែរស់នៅយ៉ាងសមរម្យ​ក្នុងសង្គម

ខេត្តកំពង់ឆ្នាំង៖ កម្មការិនី រស់ ស្រីមុំ នៅភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកកំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង បានចូលបម្រើការងារនៅរោងចក្រដេរស្បែកជើង (Brand ADIDAS) ខេន ស្ព័ត ស៊ូ (CAN SPORTS SHOES) ចាប់តាំងពីឆ្នាំ២០១០មកម៉្លេះ ក្នុងឋានៈជាអ្នក​ដេរ​ស្បែកជើងធម្មតា។ មកទល់បច្ចុប្បន្ននេះ ស្រីមុំ បានបម្រើការងារនៅរោងចក្រ​នេះរយៈពេល ១៣ឆ្នាំហើយ។ ដោយស្មារតីអភិវឌ្ឍន៍សមត្ថភាពឥតឈប់ឈរ ស្រីមុំ ទទួលបានការទុកចិត្តពីថៅកែ ឱ្យកាន់តួនាទីជាប្រធានផ្នែកជាន់ខ្ពស់គ្រប់គ្រងអគារ ចង្វាក់ផលិតកម្ម (Production Senior Supervisor) ដែលជាតួនាទីខ្ពស់ជាងកម្មករ​ធម្មតា​ចំនួន៦កម្រិត។
ស្រីមុំ គឺជាមនុស្សមានភាពក្លាហាន មានភាពអំណត់ មានភាពជាអ្នកដឹកនាំ មានភាព​ហ្មត់ចត់នឹងការងារ មានបទពិសោធន៍ ចំណេះដឹង និងជំនាញវិជ្ជាជីវៈ ទទួលបាន​ការ​បណ្តុះបណ្តាលជំនាញនៅក្រៅប្រទេស ទទួលបានការទុកចិត្តពីថៅកែរោងចក្រ និង​ទទួលបានការកោតសរសើរ ព្រមទាំងការដំឡើងតួនាទី ជាបន្តបន្ទាប់ ដោយបាន​អភិ​វឌ្ឍន៍​ខ្លួនពីកម្មការនីដេរស្បែកជើងធម្មតា ក្លាយទៅជាប្រធានផ្នែកជាន់ខ្ពស់គ្រប់​គ្រង​អគារ​ចង្វាក់ផលិតកម្ម និងបានគ្រប់គ្រងមើលការខុសត្រូវលើកម្មករ កម្មការនីចំនួន ៣៧២នាក់ ទៅ៥០០នាក់។ ស្រីមុំ ចេះនិយាយ និងអាចប្រើប្រាស់ភាសាចិន បាន​ថែមទៀតផង។
លើសពីនេះស្រីមុំ ក៏ជាកូនស្រីមានកតញ្ញូ និងជាបង្អែកគ្រួសារ។
មកដល់ពេលនេះ ស្រីមុំ មិនទាន់មានស្វាមី ហើយនៅមើលថែឪពុកម្តាយដែលមានវ័យចំណាស់ អនុញ្ញាតឱ្យបងសូមទោស ស្រីមុំ ដែលបទសម្ភាសន៍របស់បងធ្វើឱ្យមានភាពសៅហ្មងចូលរំខានជីវិតប្អូនស្រីដែលធ្លាប់តែស្ងប់សុខ និងរីករាយ។ បំណងបទសម្ភាសន៍មិនចង់អួតអាងរឿងប្រាក់ខែប្អូនទេ តែបងចង់រំលេចនូវស្មារតីអភិវឌ្ឍន៍សមត្ថភាព និងការប្រឹងប្រែងរបស់ប្អូន ដល់ស្ត្រី និងយុវជនខ្មែរយើង ឱ្យគេយកគំរូតាមប្អូន។ តែសោកស្តាយបងប្អូនមួយចំនួន បែរយករឿងនេះជាន់ឈ្លីជីវិតប្អូនទៅវិញ។
សូមមនុស្សខ្មែរមួយចំនួនរៀនរស់ក្នុងតម្លៃសីលធម៌ កុំយកតម្លៃជីវិតរបស់អ្នកដទៃ មកជាន់ឈ្លីជាការកម្សាន្តអារម្មណ៍របស់ខ្លួន៕ អត្ថបទ រូបភាព Vann Saray អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង