អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្តារនិងបូមលូនៅតាមដងផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ
ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្តារនិងបូមលូនៅតាមដងផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដើម្បីកាត់បន្ថយឲ្យបាននូវភាពលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង ។
លោក សៅ សារុំ សមាជិកក្រុមប្រឹក្សាសង្កាត់បឹងទំពុនទី១និងលោក ទឹម ម៉ន មេភូមិសន្សំកុសលទី៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យបានអោយដឹងស្រដៀងគ្នាថា៖ ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវបេតុងលេខ៣១BT, ១២BT, ១៦BT ក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទឹកមិនអាចហូរនោះទេ ពោលគឺនៅពេលភ្លៀងម្តងៗ តែងតែលិចលង់។ ជាក់ស្តែងនាប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងបានបង្អុរឡើងយ៉ាងខ្លាំងបណ្តាលឲ្យតំបន់បឹងទំពុននេះទទួលរងការលិចលង់យ៉ាងខ្លាំង ។ តែដោយមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមទឹកចេញភ្លាមៗ រហូតស្រកអស់ពីក្នុងមូលដ្ឋាន ។ដោយឡែកសម្រាប់ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវបេតុងលេខ៣១BT, ១២BT, ១៦BT ក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១នេះ បើទោះបីទឹកហូរអស់ពីផ្លូវនិងពីក្នុងផ្ទះក្តី ក៏បណ្តាញលូខាងលើនៅស្ទះដែរ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ រដ្ឋបាលខណ្ឌមានជ័យ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី បានធ្វើសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារនិងបូមលូនៅតាមដងផ្លូវជាច្រើនខ្សែនិងក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១និងទី២ តែម្តង។
លោក សៅ សារុំ បានបញ្ជាក់ថា៖ ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវបេតុងលេខ៣១BT, ១២BT, ១៦BT មានតួនាទីយ៉ាងសំខាន់ក្នុងការនាំទឹកទៅប្រឡាយបឹងទំពុន មុននឹងហូរទៅដល់ស្ថានីយបូមទឹកបឹងទំពុន បើប្រព័ន្ធលូទាំងនេះស្ទះហើយ គឺពិតណាស់ថា នៅពេលមានភ្លៀងធ្លាក់ម្តងៗ គឺតំបន់នេះត្រូវលិចលង់ហើយ ។ដូច្នេះហើយទើបអាជ្ញាធររាជធានីភ្នំពេញណែនាំអោយអាជ្ញាធរនិងមន្ទីរជំនាញស្តារនិងបូមលូទាំងនេះតែម្តង សំដៅធ្វើយ៉ាងណាដោះស្រាយការលិចលង់ផ្លូវនិងផ្ទះប្រជាពលរដ្ឋអោយបាន។
គួរបញ្ជាក់ថា៖ អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្តារនិងបូមលូនៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យនេះ ចំនួន២ថ្ងៃមកហើយ ដោយប្រើប្រាស់រថយន្តបូមលូ៣គ្រឿង ជាមួយនិងការបុក ស្តារដោយកម្លាំងដៃផងដែរ៕ អរគុណសន្តិភាព