តំបន់ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ ស្ថិតនៅក្នុងភូមិក្តុល ឃុំសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ តំបន់ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ ស្ថិតនៅក្នុងភូមិក្តុល ឃុំសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
អគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានកសាងស្ទើរតែរួចរាល់ជាស្ថាពរហើយ នៅក្នុងតំបន់ទឹកធ្លាក់ស្រែអំពិល ធ្វើឱ្យតំបន់ទឹកធ្លាក់ធម្មជាតិមួយនេះ បានកែប្រែមុខមាត់ថ្មី និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវតាមស្តង់ដា។ រាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងកសាងបានប្រមាណ ៩០% នាពេលបច្ចុប្បន្ន គឺជាការជួយឧបត្ថម្ភរបស់ក្រសួងបរិស្ថាន ហើយកាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញមកពិនិត្យការកសាង សមិទ្ធផលនានា ក្នុងតំបន់ទឹកធ្លាក់ស្រែអំពិលនេះ។ ការរៀបចំកែប្រែ និងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។
ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល គឺការអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដែលជាគោលដៅទេសចរណ៍ល្អឯក ប្រកបដោយការទទួលខុសត្រូវ មាននិរន្តរភាព។ ដោយការសាងសង់តូបលក់ម្ហូបអាហារ ខ្យុសសម្រាប់អង្គុយលំហែរកំសាន្ត កសាងបន្ទប់ទឹក ចំណតម៉ូតូ ចំណតរថយន្ត កន្លែងបោះតង់ កែលម្អ និងរៀបចំសួនច្បារផ្លូវថ្មើជើង ដោយមានជណ្ដើរឡើងចុះ ឲ្យមានសោភ័ណភាពសំដៅទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកំសាន្តកាន់តែច្រើនឡើងថែមទៀត។ សមិទ្ធិផលទាំងនេះ ក៏ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ក៏ដូចជាការកាត់បន្ថយការពឹងអាស្រ័យផល និងអនុផលព្រៃឈើ ការបរបាញ់សត្វព្រៃ ជាដើម។
ផេកផ្លូវការរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន បានរៀបចំហេដ្ឋារចនាសម្ព័ន្ធជូនសហគមន៍ គឺដើម្បីឲ្យបងប្អូនប្រកបមុខរបរដោយនិរន្តរភាព និងការទទួលខុសត្រូវ។ នេះគឺជាការកែប្រែជីវភាពជាក់ស្ដែងរបស់ប្រជាសហគមន៍នៅនឹងកន្លែង។
ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ថវិកាក្នុងការកែប្រែហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល គឺបានមកពីការលក់កាបូន។ ក្រោយពីការកសាង និងកែប្រែហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ទឹកធ្លាក់ស្រែអំពិលរួចរាល់ជាស្ថាពរហើយ តំបន់ទឹកធ្លាក់ធម្មជាតិមួយនេះ នឹងកែប្រែមុខមាត់ថ្មីស្រស់បំព្រង ប្រកបដោយគុណភាព សោភណ្ឌភាព បរិស្ថានតាមស្តង់ដា និងមានភ្ញៀវទៅទស្សនាកាន់តែច្រើនឡើងជាមិនខាន៕