Detail Top Banner

ត្រីប្រាប្រមាណ១២០០ក្បាល ស្មើនឹង៥តោន បាន​ងាប់​ជា​បន្ត​បន្ទាប់ចាប់តាំងពី​ថ្ងៃ​ទី​៣១ ខែកក្កដា ដោយសារពលរដ្ឋពី​ខាងក្រៅ ដាក់ចំណីខូចគុណភាពឱ្យ​វាស៊ី


បើតាម​ដីកា​បញ្ជាក់​របស់​ព្រះចៅ​អធិការវត្ត ៖ ត្រីប្រាដែលព្រះសង្ឃចិញ្ចឹមក្នុងស្រះត្រីព្រៃធុតង្គ នៅវត្តចង្វាបុប្ផារាម (ហៅវត្តអូររាំងឪ) ចំនួនប្រមាណ១២០០ក្បាល ឬស្មើ៥តោន បាន​ងាប់​ជា​បន្ត​បន្ទាប់ចាប់តាំងពី​ថ្ងៃ​ទី​៣១ ខែកក្កដា ២០២៣ ដោយសារពលរដ្ឋពី​ខាងក្រៅ ដាក់ចំណីខូចគុណភាពឱ្យ​ស៊ី។ «ថ្ងៃដែលត្រីងាប់ហ្នឹង អាត្មា​ឃើញញាតិញោមមួយក្រុមមកបាចចំណីឱ្យត្រីស៊ី។ ចំណី ដែលពួកគាត់យកមកហ្នឹង សុទ្ធតែហួសថ្ងៃកំណត់ទាំងអស់! វាកើតជាបញ្ហាដល់ត្រី»។ ព្រះចៅអធិការវត្តអូររាំងឪ ព្រះនាម អ៊ិត គន្ធា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​មក​កាន់អ្នកសារព័ត៌មាន​ ហើយព្រះអង្គ ក៏បាន​បញ្ជាក់ថា ត្រី​ប្រា​ប្រមាណ​១២០០ក្បាល ដែលមានទម្ងន់សរុប​៥តោន បាន​ងាប់ជាបន្ត​បន្ទាប់គ្មាន​សល់ ប៉ុន្តែ​ត្រី​មាន​ស្រកា​ផ្សេងទៀត មិន​មាន​បញ្ហា​នោះឡើយ។ ត្រីប្រាដែលងាប់ទាំងនោះ ត្រូវបានព្រះសង្ឃចិញ្ចឹមតាំងពីឆ្នាំ២០១៥ ដើម្បីទុកសម្រាប់ពលរដ្ឋ ឬពុទ្ធបរិស័ទ មកកម្សាន្តលេង ដោយ​មកទល់ពេលនេះ ត្រីមួយក្បាលៗ មានទម្ងន់ប្រហែល៥គីឡូក្រាម។ កន្លងទៅ វត្តអូរាំងឪ ក៏ធ្លាប់បានហាមប្រាមពលរដ្ឋមិនឱ្យយកចំណីពីខាងក្រៅ ទៅដាក់ឱ្យត្រីស៊ីដែរ ប៉ុន្តែ បែរជាទទួលបានការរិះគន់ទៅវិញ។ ដោយអ្នកខ្លះថា ​វត្តជាកន្លែង សាធារណៈ មិនគួរត្រូវបានហាមឃាត់នោះទេ ដូច្នេះទើប ព្រះសង្ឃអនុញ្ញាតឱ្យពលរដ្ឋយកចំណីចូលដោយសេរីតែម្ដង។ ប៉ុន្តែ យ៉ាងណា ក្រោយជួបហេតុការណ៍បែបនេះ ព្រះ​តេជ​គុណ អ៊ិត គន្ធា បានអំពាវនាវសារជាថ្មីដល់ពលរដ្ឋ ឬពុទ្ធបរិស័ទ ដែលមកកម្សាន្តនៅវត្តអូររាំងឪកុំយកចំណីពីខាងក្រៅ ដែលគ្មានប្រភពច្បាស់លាស់ទៅបាចឱ្យត្រីស៊ី តទៅទៀត៕ by Thmey Thmey អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង