តៃវ៉ាន់រាយការណ៍ថា យន្តហោះយោធាចិន៤២គ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់ខ្លួន ក្រោយចិនចាប់ផ្តើមធ្វើសមយុទ្ធ
តៃប៉ិ៖ នៅថ្ងៃសៅរ៍នេះ តៃវ៉ាន់អះអាងថា ខ្លួនបានឃើញយន្តហោះយោធាចិនសរុប៤២គ្រឿង ហោះចូលមកក្នុងតំបន់ការពារដែនអាកាស (ADIZ) របស់ដែនកោះនេះ បន្ទាប់ពីទីក្រុងប៉េកាំង បានប្រកាសចាប់ផ្តើមការធ្វើសមយុទ្ធយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នៅសៅរ៍ថ្ងៃនេះ កងកម្លាំងយោធាតៃវ៉ាន់បានប្រទះឃើញ យន្តហោះសរុប៤២គ្រឿងរបស់យោធាចិន ដែលបានហោះចូលមកក្នុងតំបន់ ADIZ របស់តៃវ៉ាន់ ហើយក្នុងចំណោមនោះ២៦គ្រឿង បានឆ្លងខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកចិនដីគោកនិងកោះតៃវ៉ាន់ ថែមទៀតផង។ ទីក្រុងតៃប៉ិបានបន្ថែមថា ក្រៅពីយន្តហោះ ចិនក៏បានចល័តនាវាចម្បាំង៨គ្រឿង ឱ្យចូលរួមធ្វើសមយុទ្ធផងដែរ។
កាលពីព្រឹកថ្ងៃដដែលនេះ យោធាចិនបានប្រកាសពីការធ្វើប្រតិបត្តិការល្បាតនិងសមយុទ្ធរួម រវាងកងកម្លាំងជើងទឹកនិងជើងអាកាស នៅក្បែរកោះតៃវ៉ាន់។ ទីក្រុងប៉េកាំងបាននិយាយថា សមយុទ្ធយោធានេះ គឺជាការព្រមានយ៉ាងរឹងមាំមួយ បន្ទាប់ពីមេដឹកនាំរងតៃវ៉ាន់ លោក វីលៀម ឡៃ បានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ថ្មីៗនេះ លោក ឡៃ បានឆ្លៀតចូលទស្សនកិច្ចនៅទីក្រុងញូយ៉ក ពេលត្រូវធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្កាយ ហើយពេលដែលត្រូវត្រឡប់មកវិញ មុនឆ្ពោះមកកាន់ទីក្រុងតៃប៉ិ លោកក៏បានឆ្លៀតចូលទស្សនកិច្ចនៅទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូថែមទៀត។ លោក ឡៃ ទើបត្រឡប់មកដល់តៃវ៉ាន់វិញ កាលពីថ្ងៃសុក្រ។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំនេះ ចិនបានធ្វើសមយុទ្ធយោធារយៈពេល៣ថ្ងៃ ដែលផ្តោតលើការបិទខ្ទប់កោះតៃវ៉ាន់ ដើម្បីឆ្លើយតបចំពោះជំនួបរវាងមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន និងប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី នៅឯរដ្ឋ California៕by FN