ក្រសួងសុខាភិបាល សម្រេចបិទ មន្ទីរពេទ្យប៊ីធនកម្ពុជា ដោយមូលហេតុព្យាបាលអ្នកជំងឺម្នាក់ជាជនបរទេសបណ្តាលឱ្យស្លាប់នៅក្នុងមន្ទីរពេទ្យ និងមិនគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យា
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរពេទ្យ ប៊ីធនកម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ៥០៦ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការសម្រេចបិទមន្ទីរពេទ្យ ប៊ីធនកម្ពុជា ព្រោះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស និងមិនគោរពតាមកិច្ចសន្យា។
តាមរយៈសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មានទទួលបានកាលពីវេលាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា«ការសម្រេចបិទដោយមូលហេតុ មន្ទីរពេទ្យនេះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរពេទ្យ និងមិនអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងអនុក្រឹត្យលេខ៩៤ អនក្រ.បក ស្តីពី បែបបទ និងល័ក្ខខ័ណ្ឌនៃការអនុញ្ញាតឱ្យជនបរទេសជាអ្នកវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រប្រកបវិជ្ជាជីវៈឯកជនក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រកាសលេខ០៣៤ អបស.មីព របស់ក្រសួងសុខាភិបាល ដោយមន្ទីរពេទ្យនេះបានអនុញ្ញាតខុសច្បាប់ឱ្យគ្រូពេទ្យជាជនបរទេស គ្មានអាជ្ញាប័ណ្ណគណៈគ្រូពេទ្យកម្ពុជា ជាអ្នកព្យាបាលអ្នកជំងឺម្នាក់ជាជនបរទេសបណ្តាលឱ្យស្លាប់ នៅក្នុងមន្ទីរពេទ្យ ប៊ីធនកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣»។
ប្រភពបានឲ្យដឹងថា មានស្ត្រីម្នាក់ជាជនជាតិចិនបន្ទាប់ពីមិនស្រួលខ្លួនហូបបាយមិនបានក៏ធ្វើដំណើរទៅមន្ទីរពេទ្យ ប៊ី ធន កម្ពុជា ដើម្បីពិនិត្យសុខភាព ខណៈលោកគ្រូពេទ្យក៏បានដាក់សារ៉ូមចំនួន២កំផ្លោក ស្រាប់តែស្លាប់ភ្លាមៗនៅក្នុងមន្ទីរពេទ្យនោះតែម្ដង។
ហេតុការណ៍នេះកើតឡើងការលពីវេលាម៉ោង២រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មាននៅមុនពេលកើតហេតុ មានស្ត្រីម្នាក់ជាជនជាតិចិនបានចូលទៅក្នុងមន្ទីរពេទ្យ ប៊ី ធន កម្ពុជា ដោយប្រាប់ពេទ្យថារូបខ្លួនហូបបាយមិនចូលទេបន្ទាប់ពីប្រាប់លោកគ្រូពេទ្យរួចហើយលោកគ្រូពេទ្យខាងលើក៏បានដាក់សារ៉ុមបានចំនួន២កំផ្លោក ស្រាប់តែស្លាប់ភ្លាមៗនៅក្នុងមន្ទីរពេទ្យនោះតែម្តង ។
ភ្លាមៗនោះក៏បាននាំគ្នារាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យ៕ អរគុណសន្តិភាព