ក្រុមជម្រើសជាតិ ១៣៦នាក់ ចេញទៅហ្វឹកហាត់នៅប្រទេសចិនក្រោមជំនួយឥតសំណងរបស់មិត្តចិន
ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣–កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន ១៣៦នាក់ នឹងចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសចិន រយៈពេល៩០ថ្ងៃ ដើម្បីបន្ដកម្មវិធីជំនួយផ្នែកអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសចិន ដែលជាជំនួយឥតសំណងរបស់មិត្តចិន សម្រាប់គម្រោងហ្វឹកហាត់បន្ត ក្រោយត្រៀមស៊ីហ្គេមដែលបានបញ្ចប់កាលពី ខែឧសភា ឆ្នាំ២០២៣។
នេះជាការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាល និងផ្តាំផ្ញើដល់អត្តពលិកកម្ពុជាទាំង១៣៦នាក់ លើប្រភេទកីឡាចំនួន១១ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះជាលើកទី២ហើយដែលកម្ពុជា បានបញ្ជូនអត្តពលិកជម្រើសជាតិរបស់ខ្លួន ទៅហ្វឹកហាត់នៅប្រទេសចិន ដោយបន្ដកម្មវិធីជំនួយផ្នែកអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសចិន ដែលនៅសល់អាហារូបករណ៍ប្រមាណ៩០ថ្ងៃទៀត។ ឯកឧត្ដមបញ្ជាក់ថា៖ «កម្ពុជាមានកីឡាករ-កីឡាការិនីជម្រើសជាតិពេញវ័យផង និងថ្នាលផង ក្នុងចំនួន១៣៦នាក់នេះ ដែលត្រូវបន្តការហ្វឹកហាត់នៅចិន រហូតដល់ខែធ្នូ ឆ្នាំ២០២៣។ ការបណ្ដុះបណ្ដាលនេះដែរ យើងមានគោលដៅ ២ ទី១-សម្រាប់កីឡាករ-កីឡាការិនីពេញវ័យ គឺត្រៀមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ផង និងត្រៀមកីឡាស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃផង។ ចំពោះប្អូនៗ ក្មួយៗ អាយុជាង ១០ឆ្នាំ គឺពួកគាត់ត្រូវត្រៀមសម្រាប់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»។
សូមជម្រាបជូនផងដែរថា ក្នុងយុទ្ធសាស្ដ្រស៊ីហ្គេមឆ្នាំ២០២៣កន្លងមក កម្ពុជាធ្លាប់បានបញ្ចូនអត្តពលិករបស់ខ្លួន១៦១នាក់ លើ១២ប្រភេទកីឡា ទៅហ្វឹកហាត់ជាង៧ខែ ពោលចាប់ខែកញ្ញាឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣ ។ រីឯការបញ្ជូនកីឡាករ កីឡាការិនីវគ្គទី២នេះដែលមានចំនួន១៣៦នាក់នេះ ដើម្បីតម្រង់ឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ឆ្នាំ២០២៥នៅប្រទេសថៃ ហើយមួយចំនួនទៀត ត្រៀមចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុងហានចូវ ប្រទេសចិន ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ខែតុលា ខាងមុខ។ អត្តពលិកទាំង១៣៦នាក់ នឹងចាកចេញពីមាតុភូមិនារសៀលថ្ងៃទី២៣ ខែសីហានេះហើយ៕ អរគុណសន្តិភាព
ដោយ៖ ហេង ណាលីន (រូបភាព៖ NOCC)