កូរ៉េខាងជើងមានបំណងបាញ់បង្ហោះផ្កាយរណបនៅចន្លោះថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែសីហា


ភ្នំពេញ៖ ប្រទេសកូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពីផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបនៅចន្លោះថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែសីហា ខណៈ​ដែល​ប្រទេស​នេះ​ព្យាយាម​ដាក់​ផ្កាយរណប​ចារកម្ម​ទៅ​ក្នុង​តារាវិថី​បន្ទាប់​ពី​បរាជ័យម្តងកាលពី​ក្នុង​ខែ​ឧសភា។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ប្រទេសជប៉ុន។
ប្រទេសកូរ៉េខាងជើងបានជូនដំណឹងដល់ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសជប៉ុនអំពីផែនការរបស់ខ្លួនក្នុងការកំណត់តំបន់គ្រោះថ្នាក់ដែនសមុទ្រចំនួនបី ដែលពីរ គឺនៅភាគខាងលិចនៃឧបទ្វីបកូរ៉េ និងមួយទៀតនៅភាគខាងកើតនៃកោះ​លូហ្សូន របស់ប្រទេសហ្វីលីពីន។ នេះបើយោងតាមសារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុនបានរាយការណ៍កាលពីថ្ងៃអង្គារ។
ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានប្រាប់សមាជិកសភាកាលពីសប្តាហ៍មុនថា ទីក្រុងព្យុងយ៉ាងអាចបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍នៅចុងខែសីហា ឬដើមខែកញ្ញា នៅមុនខួបលើកទី៧៥ នៃការបង្កើតរបបកូរ៉េខាងជើង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។
លោក យ៉ាង មូជីន (Yang Moo-jin) ប្រធានសាកលវិទ្យាល័យសិក្សាកូរ៉េខាងជើងបាននិយាយថា «ជាមួយនឹងការបាញ់បង្ហោះផ្កាយរណបនេះ ប្រទេសកូរ៉េខាងជើងហាក់ដូចជាចង់ប្រារព្ធខួបនៃការបង្កើតរបបរបស់ខ្លួននៅក្នុងសកម្មភាពនោះ»។
អ្នកជំនាញបាននិយាយថា ផ្កាយរណបចារកម្មនោះនឹងជួយឱ្យប្រទេសកូរ៉េខាងជើងធ្វើការវាយប្រហារយ៉ាងជាក់លាក់ប្រឆាំងនឹងគោលដៅនៅក្នុងស្ថានភាពសង្រ្គាម ព្រោះថាខ្លួននឹងពង្រឹងសមត្ថភាពឃ្លាំមើលរបស់ប្រទេស ប៉ុន្តែមនុស្សជាច្រើននៅតែមានការសង្ស័យអំពីសមត្ថភាពផ្កាយរណបរបស់ប្រទេសកូរ៉េខាងជើង៕ by AKP

អត្ថបទដែលជាប់ទាក់ទង