សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំជាផ្លូវការនៅសណ្ឋាគារសុខាភ្នំពេញ

ភ្នំពេញ៖ បន្ទាប់ពីដំណើរការកិច្ចប្រជុំអស់រយៈពេលពីរថ្ងៃ ទទួលបានលទ្ធផលផ្លែផ្កា ដោយថ្នាក់ដឹកនាំនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមទាំង១១ ភូមិភាគអាស៊ីអាគ្នេយ៍ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញរួចមក​ នៅល្ងាចថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំជាផ្លូវការ នៅសណ្ឋាគារសុខាភ្នំពេញ។
ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកិច្ចប្រជុំ បានសម្តែងនូវមោទនភាព ដែលកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ បានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយាកាសរីករាយ ឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរឹងមាំដើម្បីបំពេញបន្ថែមលើដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ និងការគូសបញ្ជាក់ របស់អគ្គលេខាធិការអាស៊ាន, សហព័ន្ធអន្តរជាតិ, អាយ.ស៊ី.អរ.ស៊ី ដែលបានថ្លែងបន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងពង្រឹងយន្តការដោះស្រាយរួមនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍នេះ ដែលមានគោលដៅចម្បង កសាងសមត្ថភាពសហគមន៍ ឱ្យមានភាពធន់ទៅនឹងគ្រោះមហន្តរាយ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា ៖ «សេចក្តីថ្លែងការណ៍ ដែលយើងទើបតែបានចុះហត្ថលេខារួមគ្នា គឺជាសក្ខីកម្មនៃការទទួលយកនូវបណ្តាការងារ ដែលមានដំណោះស្រាយថ្មី ក្នុងការខិតខំប្រឹងប្រែងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយ ដើម្បីទទួលបាននូវផលវិជ្ជមានកាន់តែធំជាងមុន និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដែលបច្ចុប្បន្ននេះ កើតមានកាន់តែញឹកញយជាងមុន និងមានភាពធ្ងន់ធ្ងរខ្លាំងជាងមុន និងរួមគ្នាកសាងសហគមន៍ និងសង្គមឱ្យមានភាពធន់ និងប្រកបដោយបរិយាបន្ន។»
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងដោយក្តីមោទនភាពណាស់ ជាមួយនឹងការដាក់បញ្ចូលសេចក្តីថ្លែងការណ៍វេទិកាយុវជន ឱ្យទៅជាផ្នែកមួយដ៏សំខាន់ នៃសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ដែលនេះគឺជាការគូសបញ្ជាក់នូវការពង្រឹងតួនាទីស្នូលរបស់យុវជន ការបណ្តុះថ្នាលឌីជីថល សម្រាប់យុវជនចូលរួមលើកស្ទួយការចែករំលែក ចំណេះដឹង, ការផ្លាស់ប្តូរ បទពិសោធន៍ និងគំនិតផ្តួចផ្តើម ច្នៃប្រឌិតថ្មីៗ និងជាការកសាង និងពង្រឹងសមត្ថភាពយុវជនក្នុងការដឹកនាំ, ពង្រីកចំណេះដឹង និងការយល់ដឹងថ្មីៗបន្ថែមទៀត ពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមថ្មីជាសកល ដូចជា ការប្រែប្រួលអាកាសធាតុ, បរិស្ថាន, បច្ចេកវិទ្យា និងសុខភាពសាធារណៈជាដើម។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណចំពោះកិច្ចប្រជុំដែលបានគូសបញ្ជាក់ពីសារសំខាន់ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការប្រែប្រួលអាកាសធាតុ និងអព្យាក្រឹត្យកាបូន តាមរយៈផែនការអភិវឌ្ឍបៃតង ដើម្បីខ្យល់បរិសុទ្ធ និងសុខុមាលភាព និងជីវភាពកាន់តែល្អប្រសើរឡើង សម្រាប់មនុស្សជាតិ, ការលើកកម្ពស់ការជួបការពិគ្រោះយោបល់ ដោយផ្ទាល់ និងតាមអនឡាញ ដើម្បីពង្រឹងបានថែមទៀតនូវកម្លាំងសាមគ្គីភាពរឹងមាំ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូនៅក្នុងចលនា និងនៅក្រៅចលនា ជាពិសេសជាមួយនឹង អគ្គលេខាធិការដ្ឋានអាស៊ាន, យន្តការនានារបស់អាស៊ាន, របស់រដ្ឋាភិបាល, វិស័យឯកជន រួមទាំងប្រជាពលរដ្ឋក្នុងសហគមន៍»។
បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា ៖ «ក្នុងវត្តមានរបស់ ឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិ មកពី ២៥រាជធានី-ខេត្ត ក្នុងកិច្ចប្រជុំនេះ នឹងបន្តចូលរួមចំណែកក្នុងការខិតខំប្រឹងប្រែងរួមរបស់កាកបាទក្រហមកម្ពុជា ក្នុងការកសាងសហគមន៍ឱ្យមានភាពធន់រឹងមាំ ទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងមានសមត្ថភាពក្នុងការលើកកម្ពស់សុខភាពសាធារណៈ។
ក្នុងឱកាសនេះដែរ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមអបអរសាទរ កាកបាទក្រហមឥណ្ឌូណេស៊ី ដែលនឹងត្រូវធ្វើជា ប្រធានបន្តវេនកិច្ចប្រជុំលើកទី២១ និងវេទិកាយុវជនលើកទី៣ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៤ ហើយក៏សូមអបអរសាទរ និងជូនពរ សមាគមជាតិកាកបាទក្រហមវៀតណាម ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអាស៊ីប៉ាស៊ីហ្វិក លើកទី១១ ពីថ្ងៃ ២១ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រោមប្រធានបទ «ការត្រៀមខ្លួនរួចជាស្រេចមុនពេលមានគ្រោះមហន្តរាយនៅក្នុងតំបន់អាស៊ី ប៉ាស៊ិហ្វិក» ឱ្យទទួលបានជោគជ័យ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងសហការី ដែលបានចំណាយពេលវេលាក្នុងភារកិច្ចដ៏មមាញឹក មកចូលរួមផ្តល់គុណតម្លៃបន្ថែមទៀតទៅលើកិច្ចខិតខំរបស់ចលនានៅក្នុងភូមិភាគយើងនេះ និងសូមថ្លែងអំណរគុណចំពោះ សហព័ន្ធអន្តរជាតិ, អាយ.ស៊ី.អរ.ស៊ី, ថ្នាក់ដឹកនាំ និងយុវជនមកពីសមាគមជាតិទាំង ១១ ដែលបានអញ្ជើញចូលរួម ប្រកបដោយការប្តេជ្ញាចិត្តឆន្ទៈមោះមុត រួមគ្នាក្នុងការស្វែងរកដំណោះស្រាយថ្មីក្នុងការងារមនុស្សធម៌ ពង្រឹងបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ កសាង និងពង្រឹងបាននូវបណ្ដាញកម្លាំងមនុស្សធម៌ ដ៏រឹងមាំមួយ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។
កិច្ចប្រជុំបានបញ្ចប់ដោយទទួលបានផ្លែផ្កាគួរជាទីមោទនៈ និងប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ៕ By AKP

អត្ថបទដែលជាប់ទាក់ទង