ក្នុងឱកាសចុះចេញពីតំណែង មេទ័ពកំពូលអាមេរិកឆ្លៀតឌឺដងដោយប្រយោលដាក់លោក ដូណាល់ ត្រាំ ថាជាបុគ្គលចង់ធ្វើខ្លួនដូចជនផ្តាច់ការ

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រមុខកងទ័ពរបស់សហរដ្ឋអាមេរិក លោក Mark Milley បានចុះចេញពីតំណែងរបស់ខ្លួន ដោយភ្ជាប់ជាមួយពាក្យពេចន៍ឌឺដង ដាក់អតីតចៅហ្វាយរបស់លោក គឺអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយនិយាយថា ពុំមានទាហានរូបណា ដែលធ្វើសច្ចាប្រណិធានដើម្បីបម្រើ បុគ្គលដែលចង់ធ្វើខ្លួនឱ្យដូចមេដឹកនាំផ្តាច់ការ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
ថ្លែងអំពីកងទ័ពអាមេរិក នាថ្ងៃចុងក្រោយរបស់លោក ក្នុងនាមជាប្រធានអគ្គសេនាធិការចម្រុះយោធានៃសហរដ្ឋអាមេរិក លោក Milley បានលើកឡើងដូច្នេះថា «យើងពុំធ្វើសច្ចាប្រណិធានចំពោះ ស្តេចឬជនប្រើអំណាចផ្តាច់ការនោះទេ ហើយពួកយើងក៏មិនធ្វើសច្ចាប្រណិធាន​ចំពោះ បុគ្គលដែលចង់ធ្វើខ្លួនឱ្យដូចមេដឹកនាំផ្តាច់ការ នោះដែរ»។ ទោះលោក Milley មិនបាននិយាយចំឈ្មោះ លោក ដូណាល់ ត្រាំ ក៏ដោយ ការឌឺដងនេះ ត្រូវបានគេយល់ឃើញយ៉ាងច្បាស់ថា គឺចង់សំដៅទៅលើលោកអតីតប្រធានាធីបតីអាមេរិក។ មេកងទ័ពអាកាសអាមេរិក លោក Charles Brown នឹងឡើងមកកាន់តំណែងជំនួសលោក Mark Milley។
គួរបញ្ជាក់ថា អំលុងពេលភាពតានតឹងកើនឡើងខ្ពស់បំផុតនៅសហរដ្ឋអាមេរិក ក្រោយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ចូលលុកលុយ​វិមានសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយសារលោក ត្រាំ មិនព្រមទទួលយកលទ្ធផលបោះឆ្នោត ដែលចាញ់ក្រោមដៃ លោក ចូ បៃដិន លោក Milley បានទូរស័ព្ទជាមួយសម្ងាត់ទៅកាន់សមភាគីចិនរបស់លោក ដើម្បីធានាប្រាប់ទីក្រុងប៉េកាំងថា អាមេរិក​នៅបន្តមានស្ថិរភាព និងមិនមានបំណងវាយប្រហារលើចិនឡើយ។
ទង្វើខាងលើបានបង្កឱ្យមានការខឹងសម្បារជាខ្លាំង និងមិនងាយសាបរលត់ពីលោក ត្រាំ ដែលក្នុងខែកញ្ញានេះ ទើបតែបានបង្ហោះសារនៅលើ​បណ្តាញសង្គមរបស់លោកថា បើនៅសម័យពីមុនវិញនោះ ការដាក់ទោស គឺច្បាស់ជាសេចក្តីស្លាប់មិនខានឡើយ សម្រាប់លោក Mark Milley។
ការគំរាមដូចខាងលើរបស់លោក ត្រាំ ដែលជាបេក្ខជននាំមុខគេ ដើម្បីតំណាងបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ បានជំរូញឱ្យលោក Milley ចាត់វិធានការសមស្រប ដើម្បីសុវត្ថិភាពរូបលោក៕ by FN

អត្ថបទដែលជាប់ទាក់ទង