អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងពិនិត្យជំនន់ទឹកភ្លៀង និងជម្លៀសអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ទៅកាន់កន្លែងមានសុវត្ថិភាព

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ត អ៊ុំ រាត្រី បានដឹកនាំកងកម្លាំង រួមមាន៖ កងពលតូចថ្មើរជើងលេខ៥១, ស្នងការដ្ឋាននគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត, តំបន់ប្រតិបត្តិការសឹករងខេត្ត, លោកប្រធានមន្ទីរសុខាភិបាលខេត្ត, និងលោកអភិបាលរងស្រុក បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលលិចក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក និងជម្លៀសអ្នកជំងឺទៅកាន់កន្លែងមានសុវត្ថិភាព កាលពីល្ងាចថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។
ដោយសារតែភ្លៀងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យអគារខ្លះក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក នេះ រងផលប៉ះពាល់លិចដែលបង្កការលំបាកពិសេសអ្នកជំងឺតែម្ដង។
នៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានធ្វើការអំពាវនាវ ដោយសូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរដងស្ទឹង អូរ និងកន្លែងដែលមានហានិភ័យមេត្តាប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានករណីចាំបាច់សូមរាយការណ៍ជាបន្ទាន់ មកអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងដើម្បីជួយសង្គ្រោះបងប្អូន ពីការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ បានទាន់ពេលវេលា។
ជាមួយនោះដែរឯកឧត្តម ក៏បានដាក់បទបញ្ជាដល់អាជ្ញាធរដែនដី កងកម្លាំងទាំងអស់ ត្រូវបន្តចុះជួយប្រជាពលរដ្ឋ នៅក្នុងតំបន់ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ និងដែលបានហូរធ្លាក់ពីខេត្តបាត់ដំបង តាមស្ទឹងមង្គលបូរី និងពីអូរតាមព្រំដែនថៃ ។
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថា ប៉ុន្មានថ្ងៃកន្លងមកអាជ្ញាធរ និងកងកម្លាំងបាននិងកំពុង ចុះជួយច្រូតស្រូវស្រាលប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងជន់លិច នៅក្នុងឃុំចំណោមប្រមាណមិនតិចពី ១០០ហិកតានោះ ដែលរងគ្រោះខ្លាំងជាងគេ បន្ទាប់ពីឃុំសឿ គឺឃុំរហាត់ទឹក ក្នុងស្រុកមង្គលបូរី។
ដោយឡែកនៅក្នុងនៅតំបន់ខ្លះទៀត ក្នុងស្រុកម៉ាឡៃ, អូរជ្រៅ, និងស្រុកស្វាយចេកជាដើម ជារួមជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ មកដល់ថ្ងៃនេះពុំទាន់ធ្ងន់ធ្ងរនោះទេ ៕ by AKP

អត្ថបទដែលជាប់ទាក់ទង