កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាល​ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ជាគម្រោងឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនក្នុងមូលដ្ឋាន

កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាល​ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ជាគម្រោងឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនក្នុងមូលដ្ឋាន ដែលបានដើរតួយ៉ាងសំខាន់សម្រាប់ធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់​ នូវកិច្ចដំណើរការអនុវត្ដគម្រោង ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនមូលដ្ឋាន ព្រោះរាជរដ្ឋាភិបាលកម្ពុជាបានធ្វើប្រតិភូកម្មមុខងារ សិទ្ធិអំណាច ធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក ឱ្យរដ្ឋបាលក្រុង-ស្រុក ហើយរដ្ឋបាលខេត្តមានតួនាទីដឹកនាំសម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។ រដ្ឋបាលក្រុង-ស្រុក គ្រប់គ្រង និងអនុវត្តមុខងាររបស់ខ្លួន ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ដ ក្រុងស្រុកខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់។
នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ នាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងែទី០៤ ខែតុលា ឆ្នាំ ២០២៣នេះ នៅសាលប្រជុំមន្ទីរផែនការខេត្ត។
ក្នុង​ឱកាសនោះ ឯកឧត្តមអភិបាល បានគូសបញ្ជាក់ថា តាមរបាយការណ៍របស់ លោកប្រធានមន្ទីរផែនការខេត្ត អំពីដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ សំណើគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តមានចំនួន៤៣២ សំណើគម្រោងវិនិយោគក្រុង-ស្រុកមានចំនួន៧៣២ និងសំណើគម្រោងវិនិយោគឃុំ-សង្កាត់មានចំនួន ៤ ១៥០។
ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាល បានមានប្រសាសន៍ថា​ រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍគ្រប់ផ្នែក ទាំងផ្នែករូបវន្ត និងអរូបវន្ត ជាពិសេសការកែលម្អសោភណ្ឌភាពទីក្រុង និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ ចំពោះការអនុវត្តគោលនយោបាយគាំពារសង្គមជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ មានចំនួន ៤៧ ៣០១គ្រួសារ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគ្រួសារងាយរងហានិភ័យ មានចំនួន ២៦ ៣៧៥គ្រួសារ ដែលត្រូវទទួលប្រាក់ឧបត្ថម្ភរៀងរាល់បីខែម្តង ពីរាជរដ្ឋាភិបាល​ ​បន្ទាប់​ពី​​កម្មវិធីឧបត្ថម្ភសាច់ប្រាក់​ជូន​កម្មការនីដែលជាស្ត្រីមានផ្ទៃពោះ។
ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានគូសបញ្ជាក់បន្ថែមទៀតថា ដើម្បីសម្រេចបានយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវចេះស្វែងរកប្រភពធនធានពីដៃគូអភិវឌ្ឍន៍នានា ដើម្បីមានមូលនិធិគ្រប់គ្រាន់ក្នុងការអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព​។ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវរួមសហការបន្តអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីស្ថេរភាពក្នុងមូលដ្ឋានរបស់ខ្លួន៕ by AKP

អត្ថបទដែលជាប់ទាក់ទង