អភិបាលខេត្តព្រះសីហនុណែនាំមិនឱ្យធ្វើដំណើរនិងនេសាទនៅក្នុងលំហសមុទ្រ ខណៈកំពុងមានព្យុះនៅក្នុងសប្តាហ៍នេះ
អភិបាលខេត្តព្រះសីហនុ បានណែនាំដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងប្រជានេសាទ កុំធ្វើដំណើរកម្សាន្តនិងនេសាទនៅក្នុងលំហសមុទ្រ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ណាមួយជាយថាហេតុ ដែលបង្កឡើងដោយគ្រោះធម្មជាតិ ខណៈកំពុងមានព្យុះនៅក្នុងសប្តាហ៍នេះ ។
តាមរយៈសារសំឡេងពិសេសរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ផ្អែកទៅតាមលទ្ធផលនៃការព្យាករអាកាសធាតុ សង្កេតឃើញថាប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើជួរភ្នំដង រែក និងខ្ពង់រាបភាគឦសាន ជាមួយ នឹងខ្យល់មូសុងនិរតីខ្សោយ ។
ក្នុងនោះ មានព្យុះបានចាប់ផ្តើមមកពីប្រទេសហ្វីលីពីន និងបក់បោកទៅកោះតៃវ៉ាន់ ដែលបង្កផលប៉ះ ពាល់ មានភ្លៀង មានព្យុះខ្យល់រលកធំៗនៅក្នុងសមុទ្រ និងនៅឆ្នេរសមុទ្រកម្ពុជា ផងដែរ ។
ដូច្នេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំឱ្យកងកម្លាំងមាន សមត្ថកិច្ច ប្រជាពលរដ្ឋ និងសហគមន៍ប្រជានេសាទរួមគ្នាផ្សព្វផ្សាយ ណែនាំ ទៅដល់បងប្អូនប្រជានេសាទទាំងអស់ កុំឱ្យមានការចាកចេញកម្សាន្ត និងនេសាទ ដែលនេះគឺជាបង្កហានិភ័យនៃគ្រោះថ្នាក់ ខណៈដែលនឹងមានខ្យល់កន្ត្រាក់នឹងកើតមានឡើង ។
« ខ្ញុំសូមធ្វើការណែនាំឱ្យឯកឧត្តម លោកជំទាវ លោក លោកស្រី រួមទាំងបងប្អូនប្រជាពលរដ្ឋប្រជានេសាទទាំងអស់ សូមយកចិត្តទុកដាក់ទាក់ទង ជាមួយនឹងបញ្ហានេះ ចំពោះមុខ គឺសូមផ្អាកការចេញទៅធ្វើការនេសាទនៅក្នុងលំហសមុទ្រ នៅតាមបណ្ដាកោះផ្សេងៗ ដែលអាចនឹងមានគ្រោះថ្នាក់ដោយសារបញ្ហាអាកាសធាតុផ្សេងៗ » ។
ឯកឧត្តមបានបន្ថែមទៀតថា អាជ្ញាធរគ្រប់ថ្នាក់ គ្រប់ផ្នែកទាំងអស់ ត្រូវត្រួតពិនិត្យមើលស្ថានភាពរបស់ប្រជាពលរដ្ឋនិងប្រជានេសាទជាប្រចាំ ក្នុងករណីដែលមានផលប៉ះពាល់ឬបញ្ហា សូមយកចិត្តទុកដាក់ជួយសង្គ្រោះ និងដោះស្រាយជាបន្ទាន់ ៕ by AKP