សម្តេចធិបតី ហ៊ុនម៉ាណែត ជំរុញឱ្យក្រសួងអប់រំគិតគូរពីពេលវេលាក្រៅម៉ោងសិក្សាដើម្បីជាប្រយោជន៍របស់សិស្ស
សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានជំរុញឱ្យក្រសួងអប់រំគិតគូរពីពេលវេលាក្រៅម៉ោងសិក្សារបស់សិស្ស ដើម្បីកែប្រែពេលវេលាទំនេររបស់សិស្ស ទៅជាពេលវេលាដែលមានគុណប្រយោជន៍របស់សិស្ស ដែលអាចជួយពង្រឹងសមត្ថភាពការសិក្សាកាន់ តែខ្លំាង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្រកម្ពុជា ថ្លែងបែបនេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀន ឆ្ពោះទៅរកឧត្តមភាព” នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សម្តេចធិបតីបានឱ្យដឹងថា រាជរដ្ឋាភិបាលនឹងកែប្រែពេលទំនេររបស់សិស្សានុសិស្ស ឱ្យទៅជាពេល វេលា ដែលមានផលប្រយោជន៍ សម្រាប់បង្កើនសមត្ថភាព ឥរិយាបថរបស់សិស្ស និងអត្ថប្រយោជន៍របស់ គ្រូបន្ថែមទៀត។ សម្តេចធិបតីបន្តថា បច្ចុប្បន្ននេះ ក្មេងៗខ្លះ ពួកគាត់រៀនព្រឹក ហើយល្ងាចទំនេរ និងគ្រូខ្លះគាត់បង្រៀនពេលព្រឹក ថ្ងៃទំនេរ ដូច្នេះ ត្រូវតែគិតគូរបង្កើតទម្លាប់ឱ្យពួកគាត់យកពេលវេលាទំនេរនោះ មកធ្វើអ្វីដែលទទួលបានប្រយោជន៍ ពោល នៅពេលលោកគ្រូ អ្នកគ្រូទំនេរពីម៉ោងសិក្សា អាចធ្វើការស្រាវជ្រាវ បង្កើតសៀវភៅ ជាដើម ដើម្បីសម្បូរបែបនូវសៀវភៅសិក្សា កាត់បន្ថយការយកសៀវភៅគេមកបង្រៀន ។ ដោយឡែកសម្រាប់សិស្សានុសិស្សវិញ គួរបង្កើតទម្លាប់ឱ្យពួកគាត់យកពេលវេលាទំនេរនោះ មកធ្វើអ្វីដែលទទួលបានប្រយោជន៍ តាមរយៈការងារជួយទៅដល់សង្គម ២ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីជៀសវាងយកពេលទំនេរដើរលេងប្រព្រឹត្តរឿងមិនល្អនៅក្នុងសង្គមជាតិ។
«ហើយកម្មវិធីក្រៅម៉ោងសិក្សា មិនមែនចេះតែដាក់ឱ្យបាននោះទេ ដោយត្រូវគិត ពីគោល ឧទាហរណ៍ គាត់រៀនពីព្រឹកអី ពេលល្ងាចគាត់មកក្លឹបអីជួបជុំ ដូច្នេះលោកគ្រូតាមជួយរំឭក ជួយអីបើសិនជាសិស្សរៀនមិនទាន់គឺជួយធ្វើការណែនាំបន្ថែម ចំពោះលោកគ្រូអ្នកគ្រូណាដែលអាចបង្រៀនបាន កន្លែងណាដែលអាចក្រៅពីរៀនយើងអាចការរៀបចំកម្មវិធីសង្គម បណ្ដុះបណ្ដាល ក្មេងឱ្យចេះជួយការងារសង្គម ដោយយកមួយថ្ងៃ ឬមួយសប្ដាហ៍ពីរថ្ងៃ ដើម្បីឱ្យគាត់ស្ម័គ្រចិត្តបង្កើតជាគម្រោងអ្វីមួយ។ ឬក៏យើងគ្មានលទ្ធភាពក្នុងការបង្កើតគម្រោងអ្វីមួយ យើងអាចឱ្យពួកគាត់ទៅជួយធ្វើអនាម័យនៅតាមផ្សារឬក៏ជួយចាស់ជរា ឬក៏ជួយដាំដើមឈើដោយយើងត្រូវតែបង្កើតនូវផ្នត់គំនិត បង្កើតទម្លាប់៕ by AKP