ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបពិភាក្សាការងារជាមួយឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា

នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ​២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូហុងគ្រី​ ដឹកនាំដោយឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី​ ​ប្រចាំព្រះរាជាណាចក្រកម្ពុជា​ដែលមានមូលដ្ឋានក្នុងទីក្រុងហាណូយ។
ក្នុងឱកាសនោះ​ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​ ឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូត​ហុងគ្រី​​ ប្រចាំកម្ពុជា​ ​និង​គណៈប្រតិភូ​ ដែល​បានឆ្លៀតពេលដ៏មមាញឹក​ ដើម្បីជួប​សម្តែង​ការគួរសម​ និងពិភាក្សាការ​ងារមួយចំនួនសម្រាប់​កិច្ចសហប្រតិបត្តិកា​រ​​​របស់ប្រទេសទាំងពីរលើ​វិស័យ​​​ធនធានទឹក។
ជាមួយគ្នានោះដែរ​ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានធ្វើការ​វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេល​កន្លង​មក​ និង​សម្តែង​នូវ​ការ​កោត​សរសើរ​ដ​ល់​ប្រមុខ​រា​ជរដ្ឋាភិបាល​កម្ពុជា ​ជាពិសេស​ថ្នាក់ដឹកនាំនៃក្រសួង​ធន​ធានទឹក និងឧតុនិយម​ ដែល​បាន​ផ្តល់នូវកិច្ច​សហការ​យ៉ាង​ល្អ​ និង​​ប្រកប​ដោយ​ប្រសិទ្ធ​ភាពខ្ពស់។
ក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នា​ ក្នុងការកែសម្រួលឡើងវិញ​ក្រុមអ្នកជំនាញការរួម (Joint Expert Group) តាមខចែង​ក្នុងអនុស្សរណៈ​យោគយល់គ្នា​ សម្រាប់អាណត្តិថ្មី​នេះ​ ដោយមានចំនួន​តំណាង​​ចូល​រួម​ស្មើគ្នា (ភាគីហុងគ្រី​៦រូប និងភាគីកម្ពុជា ៦រូប) ដើម្បី​ប្រជុំ​ដោះស្រាយ​បញ្ហានានា​ និង​នៅ​ពេល​ត្រូវ​ការធ្វើសេចក្តីសម្រេច​ចិត្ត​រួមគ្នារវាងភាគីទាំងពីរ។
ជំនួបពិភាក្សាបានបញ្ចប់ក្រោមបរិយាកាសរីករាយ​ និងប្រកបដោយភាពស្និទ្ធស្នាល ខណៈភាគីទាំងពីរ​បាន​បង្ហាញ​នូវសុច្ឆន្ទៈបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការក្នុងវិស័យធនធានទឹកឱ្យកាន់​តែមានការអភិវឌ្ឍរីក​ចម្រើន​បន្ថែមទៀត។
គួរបញ្ជាក់ថា​ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា​​ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់គ្នា​ ស្ដីពីកិច្ចសហប្រតិបត្តិការគ្រប់​គ្រងធន​ធាន​ទឹក​​​​ជាមួយក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​ហុងគ្រី ដែលផ្តោតជាសំខាន់លើវិស័យធនធានទឹកចំនួន៣ គឺ៖​​​ទី១) ការគ្រប់គ្រងធនធានទឹកចម្រុះ ទី២) ការគ្រប់គ្រងទឹក និងទឹកកខ្វក់ ទី៣) ការអប់រំ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ទាក់ទងនឹងទឹក៕ by AKP

អត្ថបទដែលជាប់ទាក់ទង