ឯកឧត្តម ចាយ បូរិន ដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយគណៈសង្ឃ គណៈមហានិកាយស្តីអំពីការត្រៀមរៀបចំពិធី ស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេច និងព្រះរាជាគណៈ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ចំនួន០៨ព្រះអង្គ
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយគណៈសង្ឃ គណៈមហានិកាយស្តីអំពីការត្រៀមរៀបចំពិធី ស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេច និងព្រះរាជាគណៈ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ចំនួន០៨ព្រះអង្គ នៅទីស្តីការក្រសួង ។
កិច្ចប្រជុំអន្តរក្រសួង ស្តីអំពីការត្រៀមរៀបចំពិធី ស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេច និងព្រះរាជាគណៈ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ក្រោយអធិបតីភាពឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងមានការនិមន្តចូលរួមដោយសម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ,ព្រះមហាវិមលធម្ម ហ៊ូ ឈីវនាថ ព្រះអគាធិការរង, ព្រមទាំងអញ្ជើញចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ អ៊ុ សារិទ្ធ បញ្ជាការរងអង្គរក្ស តំណាងឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្តម ឧត្តមសេនីយ៍ឯក រឿន វុទ្ធី អគ្គមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្សតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស, ឯកឧត្តម ហ៊ុន សុរិទ្ធី តំណាងឯកឧត្តម ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា នេះជាកិច្ចប្រជុំលើកទី៣របស់អន្តរក្រសួង នៅក្នុងការត្រៀមលក្ខណៈឲ្យល្អប្រសើរ ដើម្បីរៀបចំពិធី ស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេច និងព្រះរាជាគណៈ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនិងរៀបចំឡើងនៅខែវិច្ឆិកាខាងមុខ នៅវត្តមុនីសុវណ្ណ ហៅវត្តជំពុះក្អែក រាជធានីភ្នំពេញ ។ ក្នុងន័យនេះដើម្បីឲ្យកម្មពិធីប្រារព្ធទៅយ៉ាងរលូន តម្រូវឲ្យមានការប្រជុំជាអន្តរក្រសួងជាច្រើនលើកទើបសម្រេចបានជាផ្លែផ្កា។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ផងដែលថា ក្រោមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ចាត់តាំងរៀបចំឲ្យមានគណៈកម្មពិសេស ដើម្បីរៀបចំទាំងពិធីសាសនា សន្តិសុខ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ចង្ហាន់ សម្រាប់ប្រគេនដល់ សម្តេច និងព្រះរាជាគណៈ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ឲ្យសមស្របទៅតាមប្រពៃណីព្រះពុទ្ធសាសនា។
សូមបញ្ជាក់ជូនផងដែរថា សម្រាប់វិស័យព្រះពុទ្ធសាសនាកាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ពោលគឺព្រះពុទ្ធសាសនា បានរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ការងារសង្គមកិច្ច មានដូចជាការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងសុជីវធម៌ដល់ព្រះពុទ្ធបរិស័ទ ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពជនចាស់ជរា ស្ត្រី និងកុមារ ក្នុងសង្គមជាតិទាំងមូលផងដែរ ៕ by AKP