ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះផ្តល់ជូននូវសម្ភារៈពេទ្យ ដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ
នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងសហការីបាននាំយកនូវសម្ភារៈបរិក្ខាពេទ្យ ដែលជា អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី មកផ្ដល់ជូនមន្ទីរសុខភិបាលខេត្តព្រះវិហារ សម្រាប់ ទុកប្រើប្រាស់ដើម្បីបម្រើដល់វិស័យសុខាភិបាលក្នុងខេត្ត។ ការប្រគល់ទទួលសម្ភារ:បរិក្ខាពេទ្យ នាឱកាសនេះ បានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលមានការចូលរួមពី លោកវេជ្ជ បណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម លេង ផាលី ក៏បានពាំនាំនូវការសាកសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរខេត្តព្រះវិហារ ដឹកនាំដោយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ជាពិសេសថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តព្រះវិហារ ដែលបានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃនាពេលកន្លងមក ព្រមទាំងបន្តយុទ្ធនាការបរិច្ចាគឈាម ដើម្បីផ្គត់ផ្គង់ឈាមជូនប្រជា ពលរដ្ឋ តាមតម្រូវការក្នុងខេត្តព្រះវិហារ នេះបញ្ជាក់ឲ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តែងតែចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីលើកម្ពស់សុខមាល ភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរនៅតាមមូលដ្ឋាន ហើយបានរួមចំណែកជាមួយរដ្ឋា ភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសុខាភិបាល ដោយឥតគិតថ្លៃនេះផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត គួង ឡូ បានបង្ហាញនូវក្តីសោមនស្ស សប្បាយរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពរបស់ប្រជាជន ដោយបានចាត់អោយ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត នាំយកនូវសម្ភារៈទាំងនេះមក ប្រគល់ជូនដល់មន្ទីរសុខាភិបាលខេត្តនាពេលនេះ។
សម្ភារៈពេទ្យដែលបានផ្តល់ជូនរួមមាន៖ ស្រោមដៃពេទ្យចំនួន ២៥កេស ស្មើនឹង ២៥០,០០០ ស្រោមដៃ និង Covid-19 Antigen Test ចំនួន ៤០ប្រអប់៕ by AKP