ជំនួបសម្តែងការគួរសម រវាងទីភ្នាក់សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន និងក្រសួងអប់រំ យុវជន និងកីឡា

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារបេសកកម្មមកពីទីក្រុងតូក្យូប្រទេសជប៉ុន បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោក Shimpei TAGUCHI មន្ត្រីទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍មនុស្ស បានបង្ហាញនូវបញ្ញាត្តិនៃគម្រោងសហប្រតិបត្តិការបច្ចេកទេសថ្មីជូនឯកឧត្តមបណ្ឌិតសភាចារ្យ និងសហការី។ ចៃកាបានបង្កើតវិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ (PTEC) និងវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង (BTEC) សម្រាប់កម្មវិធីអប់រំគ្រូបង្រៀនរយៈពេលបួនឆ្នាំ(កម្រិតបរិញ្ញប័ត្រ)សម្រាប់កម្រិតបឋមសិក្សា និងអនុវិទ្យាល័យ តាមយៈគម្រោងហិរញ្ញប្បទានឥតសំណង និងគម្រោងសហប្រតិបត្តិការបច្ចេកទេស។ គរុនិស្សិតជំនាន់ទី១ ចំនួន ប្រហែល ៤៨០នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំ២០២២ ហើយបានចាប់ផ្តើមផ្តល់ការបង្រៀនប្រកបដោយគុណភាពនៅលើកម្រិតមូលដ្ឋាន។ ចៃកាគ្រោងនឹងបន្តរួមចំណែកក្នុងការពង្រឹង PTEC និង BTEC បន្ថែមទៀត តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសថ្មី “គម្រោងពង្រឹងវិទ្យាស្ថានគរុកោសល្យសម្រាប់គុណភាពអប់រំមូលដ្ឋាន (S-TEC)” ដែលគម្រោងនេះនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ ៕
អត្ថបទ៖ ផ្នែកអភិវឌ្ឍន៍សង្គម ការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា រូបថត៖ ក្រសួងអប់រំ យុវជន និងកីឡា

អត្ថបទដែលជាប់ទាក់ទង