កម្ពុជា និងឥណ្ ឌាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដើម្បីធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ឯកឧត្តមជឿជាក់ថា ប្រទេសកម្ពុជា និងឥណ្ឌាបន្តជំរុញចំណងមិត្តភាពឱ្យកាន់តែទទួលបានផ្លែផ្កាបន្ថែមទៀត តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព ដើម្បីធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីជំនួបពិភាក្សារវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះបានឱ្យដឹងថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងអំឡុងពេលនៃការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ហើយឯកឧត្តមក៏បានរំលឹកឡើងវិញផងដែរអំពីប្រវត្តិនៃចំណងមិត្តភាព ប្រពៃណី វប្បធម៌រវាងប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌាតាំងពីយូរលង់ណាស់មកហើយ ដែលស្តែងតាមរយៈសំណង់ប្រាសាទនានាមួយចំនួននៅក្នុងប្រទេសកម្ពុជា។
នៅក្នុងនោះដែរ លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកម្លងមករវាងប្រទេសកម្ពុជា និងឥណ្ឌា និងបានអបអរសាទរចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ភាគីឥណ្ឌាសង្ឃឹមថា នៅក្នុងនីតិកាលថ្មីនេះ ប្រទេសកម្ពុជា និងឥណ្ឌា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះរួមមានការបង្កើតឱ្យុំានយន្តការសម្របសម្រួលដល់ដំណើរការពាណិជ្ជកម្ម និងវិនិយោគ តាមរយៈកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា ដែលរដ្ឋាភិបាលឥណ្ឌាគ្រោងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ព្រមទាំងការតភ្ជាប់វិស័យឌីជីថលជាដើម។
ទន្ទឹមនឹងនេះដែរ សេចក្តីប្រកាសនោះបាននិយាយបន្ថែមទៀតថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងក្តីរីករាយ និងគាំទ្រកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្មទ្វេភាគី សំដៅផ្យល់ប្រយោជន៍ទៅវិញទៅមករវាងប្រទេសកម្ពុជា និងឥណ្ឌា និងគាំទ្រចំពោះការបង្កើតឱ្យមានជើងហោះហើរត្រង់មកប្រទេសកម្ពុជា ដែលនឹងជំរុញដល់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងលំហូរទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានពិនិត្យរួមគ្នាទៅលើការតភ្ជាប់វិស័យឌីជីថល ដែលជាវិស័យអាទិភាពមួយក្រោមយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សំដៅបន្តអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយចីរភាព៕ by AKP