អាជីវកម្មលើធនធានធម្មជាតិ ការកែច្នៃធនធានជលផល និងចរន្តអាជីវកម្ម នៅបឹងទន្លេសាប

នៅថ្ងៃអង្គារ ៤រោច ដល់ថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមន្រ្តីនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ដឹកនាំដោយលោក អ៊ូ ទូច ប្រធានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ បានបន្តចុះសិក្សាការកែច្នៃធនធានជលផល និងចរន្តអាជីវកម្ម ស្ថិតនៅក្នុងភូមិកំពង់ចិន ភូមិកំពង់ក្តី ភូមិឈើទាល ភូមិលាបទង ឃុំកំពង់ចិនត្បូង, ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង និងភូមិកំពង់ក្រប៉ៅ សង្កាត់កំពង់ក្រប៉ៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ការចុះសិក្សានេះក្រុមការងារស្រាវជ្រាវបានធ្វើការជាមួយ៖
១. ជួបសម្ភាសន៍ជាមួយឈ្មួញកណ្តាល (អ្នកទិញ-លក់ផលជលផលស្រស់)
២. ជួបសម្ភាសន៍ជាមួយអាជីវករ (លក់ដុំ និងលក់រាយ) និងអ្នកកែច្នៃត្រី (លក្ខណៈគ្រួសារ និងលក្ខណៈមធ្យម) ជាមួយនឹងសកម្មភាពនេះផងដែរក្រុមការងារចុះសិក្សានៅតំបន់ពាក់ព័ន្ធខាងលើ ជាលទ្ធផលបឋមរកឃើញថា ៖
ទី១. ដឹងពីបរិមាណត្រីស្រស់ ប្រភេទនៃការកែច្នៃ បច្ចេកទេសនៃការកែច្នៃតាមប្រភេទនីមួយៗ ដឹងពីចរន្តអាជីវកម្ម និងការវិវត្តន៍នៃទីផ្សារ។ ស្ថិតិអ្នកកែច្នៃត្រីនៅតំបន់សិក្សាខាងលើ មានចំនួនប្រមាណ ៥៧ គ្រួសារ។
ទី២. ត្រីបានកែច្នៃជា ៦មុខ ដូចជា ត្រីងៀត ប្រហុក ត្រីឆ្អើរ ផ្អក ត្រីប្រម៉ា និងត្រីហើម ដោយបានប្រើប្រាស់បរិមាណត្រីស្រស់អស់ប្រមាណ ១៩.៩៥ គ.ក្រ/៥ថ្ងៃ។
ទី៣. ប្រភពត្រីសម្រាប់ផ្គត់ផ្គង់ការកែច្នៃត្រីគឺមានប្រភពមកពីប្រទេសវៀតណាម ប្រទេសថៃ ការធ្វើវារីវប្បកម្មក្នុងស្រុក និងត្រីបឹងទន្លេសាប។
ទី៤. ចំពោះការកែច្នៃត្រី មិនទាន់មានលក្ខណៈបច្ចេកទេសនៅឡើយទេ។
ទី៥. ផលប៉ះពាល់ដែលកើតមានលើកែច្នៃត្រី៖ ពឹងផ្អែកលើត្រីនាំចូលពីក្រៅប្រទេស តម្លៃត្រីស្រស់កើនថ្លៃ ត្រីបឹងទន្លេសាបមិនអាចបំពេញតម្រូវការកែច្នៃ ពិបាកទុកដាក់ផលិតផលសម្រេច និងពិបាកលក់ផលិតផលកែច្នៃសម្រេច។
សូមជម្រាបជូនថា៖ សកម្មភាពការកែច្នៃធនធានជលផល និងចរន្តអាជីវកម្មនៅខេត្តកំពង់ធំ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឲ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ របស់អាជ្ញាធរទន្លេសាប ។ សកម្មភាពសិក្សាខាងលើ គឺមានគោលបំណង៖
– តាមដានបរិមាណត្រីស្រស់ ប្រភេទនៃការកែច្នៃ និងបច្ចេកទេសនៃការកែច្នៃតាមប្រភេទនីមួយៗ
– សិក្សាការវិវត្តន៍នៃទីផ្សារតាមតំបន់នីមួយៗ៕ អរគុណសន្តិភាព
   

អត្ថបទដែលជាប់ទាក់ទង