សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញកាន់បិណ្ឌវេន ៩ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក រាជធានីភ្នំពេញ
ក្នុងឱកាសដ៍សោមនស្សរីករាយ នៃពិធីបុណ្យប្រពៃណីជាតិ ដែលប្រជាពុទ្ធបរិស័ទយើងគ្រប់ស្រទាប់ ទូទាំង ព្រះរាជាណាចក្រកម្ពុជា មានសេចក្តីអំណរសាទរយ៉ាងក្លៀវក្លា និងរួមសាមគ្គីគ្នាធ្វើបុណ្យធ្វើទានដោយសេចក្តីជ្រះថ្លា នៅក្នុងរដូវកាលបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ នៅតាមទីអារាមនានា ដែលជាទីសក្ការៈ ដើម្បីទទួលយកនូវកុសលផល បុណ្យរៀងៗខ្លួន និងជាការរួមចំណែក ជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋនោះ ដោយឡែក នៅព្រឹកថ្ងៃអាទិត្យ ៩រោជ ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនិងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ជា ថ្ងៃកាន់បិណ្ឌវេន៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេច ឯកឧត្តម លោកជំទាវ និង បងប្អូនក្រុមគ្រួសារ បាននាំយកចង្ហាន់គ្រឿង ឧបភោគបរិភោគនំចំណីភេសជ្ជៈគ្រប់ប្រភេទ និងបច្ច័យ ទៅវេរប្រគេន ព្រះសង្ឃ និងចូល រួមរីករាយជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិត ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសអញ្ជើញដល់ទីអារាម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទាំងអស់ បាន អញ្ជើញបូជា ទៀន ធូប គន្ធពិដោ ថ្វាយចំពោះព្រះពុទ្ធបដិមា នៅលើឧបដ្ឋានសាលា និងបា្ររព្ធពិធីសូត្រមន្ត សមា ទានសីល តាមសិក្ខាបទ ដើម្បីរំលឹកដល់គុណបុណ្យ ព្រះរតនត្រ័យ និងព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ ដែលព្រះអង្គ ត្រាស់ដឹងនូវ អនុត្តរៈសម្មា សម្ពោធិញាណនិងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកអោយពុទ្ធបរិស័ទគ្រប់ជំនាន់ គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន ហើយមុនយាងចូលបរិនិព្វាន ព្រះអង្គទ្រង់ត្រាស់កំណត់សាសនា របស់តថា គត គឺគង់វង្សគ្រប់៥ពាន់ព្រះវស្សា។ ពុទ្ធឱវាទនិងព្រះធម៌វិន័យរបស់ព្រះអង្គ គឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោក គ្រប់រូបប្រកាន់ខ្ជាប់ នូវអំពើល្អ អំពើជាកុសល លះបង់អំពើបាប អំពើជាអកុសលសាង នូវកុសលទានតម្កល់ទុក សំរាប់ អនាគតជាតិ។
ពិសេសនោះ ពុទ្ធបរិស័ទគ្រប់រូបត្រូវគោរពប្រតិបត្តិ និងដឹងគុណចំពោះបុព្វការីជន មានមាតាបិតា ទាំងរូបលោក នៅមានអាយុសង្ខាក្ដី ឬមរណៈកាលទៅហើយក្ដីដូច ដែលសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាបុត្រាបុត្រីនិងចៅៗ ព្រមទាំងក្រុមគ្រួសារ បាននិងកំពុងប្រណិបត្តិ ទាំងពេលកន្លងមក និងក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ គឺបានបង្ហាញពីក្តីកត្តញូកត្តវេទិតា ធម៌ ដ៍ខ្ពង់ខ្ពស់បំផុត សំរាប់ជាការតបស្នងសងគុណចំពោះមាតាបិតានិងបុព្វការីជន ដែលបានចែកឋាន ទៅកាន់ បរលោកឯនាយខាងមុខយ៉ាងពិតប្រាកដ។ យ៉ាងណាមិញបុណ្យកាន់បិណ្ឌឬភ្ជំបិណ្ឌ ដែលមានរយៈពេល១៥ថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញ អំពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទគ្រប់រូបចំពោះឧបការគុណនៃបុព្វការីជន ដោយបានធ្វើបុណ្យ ធ្វើទាន ឧទ្ទិសកុសលជូនតាមរយៈព្រះសង្ឃជាស្រែបុណ្យ ដើម្បីអោយវិញ្ញាណក្ខ័នអ្នកមានគុណគ្រប់រូប បានទៅកាន់ ឋានបរមសុខកុំបីអាក់ខានឡើយ។ ម្យ៉ាងវិញទៀត តាមរយៈការមានជំនឿចំពោះព្រះពុទ្ធសាសនានេះហើយ ទើប បច្ចុប្បន្ននេះពុទ្ធបរិស័ទ កម្ពុជាគ្រប់ស្រទាប់វណ្ណៈបានរួមសាមគ្គីគ្នាកសាងនូវសមិទ្ធផលជាច្រើន បំរើអោយការរីកចំ រើន និងគង់វង្ស នៃព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលគិតមកដល់ពេលនេះ យើងមានវត្តអារាមជាង៤ពាន់វត្ត ទូទាំងប្រទេស និង មានព្រះសង្ឃគង់នៅរហូតជិត៦ម៉ឺនអង្គ។
លំដាប់អំពីបទនមស្សការ សមាទានសីលចប់សព្វគ្រប់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេច ឯកឧត្តម លោកជំទាវ ជាក្រុមគ្រួសារ បុត្រធិតា និងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញរាប់បាត្រ ដើម្បីព្រះសង្ឃស្វាធ្យាយសតៈប្បករុណាភិធម្ម បង្សុកូល ជាកិច្ចឧទ្ទិស កុសលផលបុណ្យ ជូនវិញ្ញាណក្ខ័ន បុព្វការីជន មាតាបិតាដែលបានចែកឋានទៅកាន់បរលោកខាងមុខ ក្នុងនោះមាន វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង វិញ្ញាណក្ខន្ធមហាឧបាសិកា ឌី ប៉ុក មាតាបិតា បង្កើតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិញ្ញាណក្ខន្ធមហាឧបាសក លីនគ្រី វិញ្ញាណក្ខ័ន អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជា បិតាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន,វិញ្ញាណក្ខ័នសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងបង្កើតសម្តេចតេជោ វិញ្ញាណក្ខន្ធលោកជំទាវមហាសទ្ធាភិរ័ត្នធម្មសិរីរតន៍ អគ្គមហាឧបាសិកាពិទ្ធសាសនូបត្ថម្ភក៌ ប៊ុន សុថា ប្អូនបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ បុត្រាច្បងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត និងញាតិការ សាច់សារលោហិតទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់វរៈលោកខាងមុខហើយនោះ សូមវិញ្ញាណក្ខន្ធអ្នកមានគុណទាំងអស់បានសោយសុខ ក្នុងឋានដ៍ខ្ពង់ខ្ពស់និងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។ មួយផ្នែកនៃកុសលផលបុណ្យ ដែលកើតមានក្នុងថ្ងៃនេះ ក៏សូមឧទ្ទិសជូនវិញ្ញាណក្ខ័នវីរជនអ្នកស្នេហាជាតិ ដែលបាន ពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងវិញ្ញាណក្ខ័ន ជនរួមជាតិខ្មែរស្លូតត្រង់ជាង៣លាននាក់ ដែលបានបាត់ បង់អាយុជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត សូមអោយវិញ្ញាណក្ខ័នអ្នកទាំងអស់នោះ បាន សោយសុខក្នុងឋានសុគតិភពគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀត តាមរយៈអំណាចនៃផល្លានិសង្ឃកើតចេញពីទឹកចិត្តជ្រះថ្លា ក្នុងថ្ងៃកាន់បិណ្ឌវេន៩នេះដែរ សម្តេចព្រះពោធិវង្ស អំ លឹម ហេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះថេរានុថេរគ្រប់ព្រះអង្គ ទាំង២០៥អង្គ ដែលគង់ក្នុងទីអារាម វត្តមុនីសុវណ្ណ បានលើកឧទ្ទិសថ្វាយដល់ វត្ថុ សក្តិសិទ្ធក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាការពារ និងទ្រ ទ្រង់វិញ្ញាណក្ច័ន្ធលោកអ្នកមានគុណទាំងអស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានយោនយក កំណើត ក្នុងទីឋានដ៍ខ្ពង់ខ្ពស់ជានិច្ចនិរន្តតរៀងទៅ។ ជាមួយគ្នានេះ អានិសង្ឃដែលកើតមានក្នុងថ្ងៃនេះ ក៍សូមលើក ថ្វាយដល់អស់វត្ថុសក្តិសិទ្ធលោក សូមជួយប្រោសព្រហ្មប្រសិទ្ធីពរជ័យ សិរីមង្គលគ្រប់ប្រការ ជូនសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុ យឺនយូរ ពូលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំស្ថាប័នមនុស្សធម៌ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែទទួលបាននូវការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ពិសេសជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋ កម្ពុជា នៅទូទាំងប្រទេស កាន់តែទទួលបាន នូវភាពសុខដុមរមនា និងការរីកចំរើនគ្រប់ក្រុមគ្រួសារទាំងអស់ ពិសេស សូមបវៀសជៀស ឆ្ងាយពីគ្រោះមហន្តរាយផងទាំងពួងនិង មានសុខសន្តិភាពជាយូរអង្វែងតរៀងទៅ។ សូមបញ្ជាក់ថា នៅក្នុងឱកាស នៃការប្រារព្វពិធីបុណ្យភ្ជុំ-ភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧នេះ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំនូវទេយ្យទានប្រគេនព្រះសង្ឃចំនួន ១០វត្តផ្សេងទៀត ក្រៅពីវត្តមុនីសុវណ្ណ ក្នុងនោះរួមមាន វត្តមុនីប្រសិទ្ធវង្ស វត្តចន្ទបុរីវង្ស វត្តព្រែកតាទែន វត្តក្រពើហារ វត្តបុទុមវតី វត្តក្របៅ វត្តតាខ្មៅ វត្តព្រែកសំរោង វត្តវាំងចាស់ និងវត្តព្រែកឬស្សី ដែលវត្តនីមួយៗទទួលបាននូវភេសជ្ជៈទឹកសុទ្ធ ទឹកក្រូច ទឹកត្រឡាច ទឹកសណ្តែក មៀនកំប៉ុង ទឹកគូលេន ទឹកដោះគោខាប់ ត្រីខកំប៉ុង កាកាវ ស្ករស តែ មី នំ អង្ករ និងបច្ច័យ ក្នុង១វត្តៗ ២លានរៀល។ ព្រះសង្ឃទាំង១០អារាម បានលើកឧទ្ទិសដល់ទសបារមីវត្ថុស័ក្តិសិទ្ធទេវតា ថែរក្សាក្នុងចក្រវាឡ នៃលោកយើងនេះ សូមតាមជួយបីបាច់ថែរក្សាការពារសម្តេចតេជោ សម្តេចកិត្តិព្រទ្ធបណ្ឌិត គ្រប់វិនាទីទាំងអស់ ដើម្បីបន្តស្ថិតនៅដឹកនាំជោគវាសនាអនាគតប្រទេសជាតិ ឲ្យកាន់តែរីកចំរើនរុងរឿងទ្វេឡើងថែមទៀត ពិសេសដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ ដែលជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់សម្តេចតេជោ និងបន្តមរតកនៃការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមគ្គុទេសក៏ដឹកនាំប្រកបដោថាមពល និងមានចក្ខុវិស័យប្រកបដោយបញ្ញាញាណ របស់ប្រទេសនិងប្រជាជាតិកម្ពុជា។
នៅក្នុងពិធីបុណ្យកាន់បិណ្ឌវេន៩នេះដែរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច ឯកឧត្តម លោកជំទាវជាពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញពូនភ្នំខ្សាច់ ពូភ្នំអង្ករ ដើម្បីរំដោះនូវទុក្ខទោសផងទាំងពួង ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតជាតិខាងមុខ ពិសេសដើម្បីបួងសួងដល់គុណបុណ្យព្រះរតនត្រ័យថែរក្សាក្នុងលោក សូមតាមជួយបីបាច់ថែរក្សាព្រះរាជាណាចក្រកម្ពុជា បានរួចចាកផុតពីគ្រោះភ័យអាសន្តអន់ក្រ រស់នៅក្នុងភាពសុខដុមរមនា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ដែលជាមរតកដ៏មានតម្លៃនិងមិនអាចកាត់ថ្លៃបាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រោមម្លប់នៃព្រះបារមីដ៏ត្រជាក់ត្រជុំ នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្រ្តខ្មែរទាំងអស់។
ក្នុងឱកាសដ៍ថ្លៃថ្លានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ សម្តេច ឯកឧត្តម លោកជំទាវ ជាបុត្រធីតា បាននាំយកគ្រឿងឧបភោគ បរិភោគ និងភេជ្ជៈជាច្រើនមុខ និងបច្ច័យ ជាសទ្ធាជ្រះថ្លាផ្ទាល់ និងបច្ច័យជាការបរិច្ចាគពីសម្តេច លោកជំទាវ ឯកឧត្តម លោក លោកស្រី ជាពុទ្ធបរិស័ទវេនបិណ្ឌទី៩ សរុបចំនួន៥២លាន២សែនរៀល និង១ម៉ឺន២ពាន់២៧០ដុល្លា ប្រគេនសម្តេច ព្រះពោធិវង្ស សំរាប់តម្កល់ទុកកសាងសមិទ្ធិផលនានា ក្នុងវត្តមុនីសុវណ្ណ។ ដោយឡែកសម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត បានបវរណាចតុបច្ច័យ ប្រគេនព្រះសង្ឃ ២០៥អង្គ ក្នុងមួយអង្គៗបច្ច័យ៥ម៉ឺនរៀល៕ by AKP