ក្រសួងសុខាភិបាល ប្រកាសអំពីការរកឃើញជំងឺផ្តាសាយបក្សី H5N1 ដែលបានបញ្ជាក់ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ លើបុរសម្នាក់មានវ័យ៥០ឆ្នាំបានស្លាប់

ភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានប្រកាសអំពីការរកឃើញជំងឺផ្តាសាយបក្សី១ករណី​នៃវីរុសផ្តាសាយ​បក្សី​ប្រភេទហាស់៥អ៊ិន១ (H5N1) ដែលបានបញ្ជាក់ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ លើបុរសម្នាក់មានវ័យ៥០ឆ្នាំ ស្លាប់កាលពីថ្ងៃទី៧ ខែតុលា ក្នុងភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
ករណីផ្ទុះជំងឺផ្តាសាយបក្សី ដែលបណ្តាលឱ្យស្លាប់បុរសវ័យ៥០ឆ្នាំនេះ តាមការសួរនាំរបស់ក្រសួងបង្ហាញថា​៖«មានផ្ទះអ្នកជិតខាងបុរស​ខាងលើ បានទិញមាន់មកស្តុកទុកលក់ បន្ទាប់មកក៏ឃើញមានមាន់នៅផ្ទះរបស់គាត់ និងផ្ទះអ្នកក្បែរខាងចាប់ផ្ដើមងាប់​ប្រមាណជាង​៥០ក្បាល ហើយមាន់ងាប់នេះក៏បានចែកចាយឱ្យបងប្អូនយកទៅបរិភោគដែរ»។ ក្រសួងបានសង្កត់ធ្ងន់ថា ករណីស្លាប់នាពេលនេះ ជាករណីទី២ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣ ហើយក៏ជាករណីផ្តាសាយបក្សីទី៥៨ (ស្លាប់៣៩នាក់) ដែលកើតមានលើ​មនុស្ស​ចាប់តាំងពីឆ្នាំ២០០៥មក។
ជុំវិញករណីនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននឹងកំពុង​អង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ដ្រ និងពិធីសាររបស់ជាតិ បានសហការគ្នា​រវាងក្រុមឆ្លើយតបបន្ទាន់ទាំងផ្នែកសុខាភិបាល និងបសុពេទ្យ ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស បន្តស្វែងរកករណីសង្ស័យ អ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ ធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិ​ដែលកើតហេតុ​ខាងលើ។ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល បានក្រើនរំលឹកសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ ប្រុងប្រយ័ត្នលើជំងឺ​ផ្តាសាយ​បក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាព ប្រជាពលរដ្ឋជាពិសេសលើកុមារដែល​ជាក្រុម​មានហានិភ័យ និងមានភាពងាយរងគ្រោះ។
ជំងឺផ្តាសាយបក្សី H5N1 ជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សី​ផ្សេង​ទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺ ឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរ ពេទ្យទាន់ពេលវេលា។
ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនដែលអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។ សម្រាប់វិធានការបង្ការ ត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ បន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារ​នៅឆ្ងាយពីសត្វបក្សី ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចម្អិនឱ្យឆ្អិនល្អផងដែរ៕ អគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង