វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់កាត់បន្ថយភាពក្រីក្រ

អភិបាលរងខេត្តឧត្តមានជ័យបានចាត់ទុកថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ ចូលរួមចំណែកក្នុងការ អនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។
ក្នុងឱកាសបើក វេទិកា ផ្គូផ្គងរវាងអ្នកផលិត និងអ្នក ទិញ និង ការតាំងបង្ហាញផលិតផលក្នុងស្រុក នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តឧត្តរមាន ជ័យ លោកស្រី មិន ធារី អភិបាល រងខេត្តឧត្តរមានជ័យបានមាន ប្រសាសន៍ថា វេទិកានេះមានសារ:សំខាន់ណាស់ សម្រាប់កៀរគរ សក្តានុពលសេដ្ឋកិច្ចក្នុងស្រុកនៃផលិតផលនិងសេវាកម្ម។ វេទិកានេះដែរ បានកាត់បន្ថយគម្លាតរវាង អ្នកផលិតក្នុងស្រុក និងអ្នកទិញប្រកបដោយប្រសិទ្ធភាព និងសុចរិតភាព។
ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិត ផលមួយ នៃទីស្តីការគណៈ រដ្ឋមន្ត្រីបានថ្លែងថា៖ អ្នកចូលរួមពួកគាត់អាចសិក្សាឈ្វេងយល់ដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក។ ណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយ បញ្ហាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចុះបញ្ជីឬច្បាប់គតិយុត្តផ្សេងៗ និងជំរុញឱកាសពាណិជ្ជកម្មឱ្យកាន់តែមានទំនុកចិត្ត និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្តឧត្តរមានជ័យនិងប្រទេសកម្ពុជាទាំងមូល ។
វេទិកា និងការតាំងបង្ហាញផលិត ផលនៅខេត្តឧត្តរមានជ័យនាឱកាសនេះ មានអ្នកចូលរួមដោយផ្ទាល់ប្រមាណ១៥០នាក់រួមមានថ្នាក់ដឹកនាំ និងតំណាងមកពីមន្ទីរពាក់ព័ន្ធ សមាគមធុរកិច្ច សហគ្រាសខ្នាតតូច និងមធ្យម សហគមន៍កសិកម្ម ស្ថាប័នហិរញ្ញវត្ថុ អង្គការសង្គមស៊ីវិល និងក្រុមយុវជន។ គម្រោងដ៏មានសារ:សំខាន់នេះ ត្រូវបានផ្តួចផ្តើមឡើងដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងអង្គការអុកស្វាម តាំងពីឆ្នាំ២០២២។
ឯកឧត្តមបន្តថា នៅឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានទទួលការឧបត្ថម្ភគាំទ្រគម្រោងនេះ អំពីដៃគូសហការថ្មី គឺសហគ្រិនខ្មែរ ដើម្បីជួយគាំទ្រ និងពង្រឹងលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងពង្រីកការគាំទ្រនេះទៅកាន់បណ្តាខេត្ត-ក្រុងផ្សេងៗទៀត។
សូមបញ្ជាក់ថាឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយមានគម្រោងរៀបចំវេទិកានេះនៅតាមបណ្តាខេត្ត-ក្រុង ចំនួន១៥ រួមមាន៖ សៀមរាប កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ឧត្តរមានជ័យ កណ្តាល កំពត កោះកុង ពោធិ៍សាត់ កំពង់ធំ ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ស្ពឺ និងស្វាយរៀង៕ by AKP

អត្ថបទដែលជាប់ទាក់ទង