ឯកឧត្តម ឯម ច័ន្ទមករា ស្នើឱ្យមានការសហការដើម្បីធានាថា ជនមានពិការភាពនៅក្នុងតំបន់អាស៊ាន ត្រូវបានលើកកម្ពស់សិទ្ធិ និងបានគិតគូរពីសុខមាលភាព

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានលើកឡើងថា ទាំងអស់គ្នាត្រូវសហការគ្នាដើម្បីធានាថា ជនមានពិការ ភាពនៅក្នុងតំបន់អាស៊ាន ត្រូវបានលើកកម្ពស់សិទ្ធិ និងបានគិតគូរអំពីសុខមាលភាព របស់ជនមានពិការភាពឱ្យមានភាពទាក់ទាញ និងរស់រវើកសម្រាប់ការធ្វើវិនិយោគលើ ជនមានពិការភាព។
ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងដូចនេះ នៅក្នុងវេទិកាអាស៊ានជាន់ខ្ពស់ ស្តីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាព និងភាពជាដៃគូ ក្រោយឆ្នាំ២០២៥” នាថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូណេស៊ី។
ក្នុងឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ថា ក្នុងរយៈពេលបីឆ្នាំនេះ អាស៊ានបាន ខិតខំរួមគ្នា ក្នុងការដាក់ ចេញវិធានគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះ ស្រាយនូវវិបត្តិកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់មកលើសង្គម-សេដ្ឋកិច្ច និងជាពិសេសបាន ដាក់ចេញនូវ “ក្របខ័ណ្ឌស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយ របស់អាស៊ាន” (ACRRF) សំដៅជំរុញ ការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និងការបន្តធ្វើ ឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមជាមួយនឹងកិច្ច សម្រួលពាណិជ្ជកម្មនានា ដើម្បីស្ដារ ឡើងវិញពីវិបត្តិ នៃជំងឺកូវីដ-១៩ ពិសេសសម្រាប់ ជីវភាពរស់នៅប្រកប ដោយសេចក្តីថ្លៃថ្លូរបស់ជនមានពិការ។
លើសពីនោះទៀត ឯកឧត្តមបានស្នើរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន ក៏គួរធ្វើឱ្យកាន់ តែប្រសើរថែមទៀត នូវកិច្ចទំនាក់ទំនង និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនានា ដែលមានស្រាប់ សំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះនៅតែរក្សាបាននូវទំនើបកម្ម ទាន់សម័យ មានលក្ខណៈកាន់តែប្រសើរ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពសម្រាប់ ជនមាន ពិការភាពនាបច្ចុប្បន្ន។ ឯកឧត្តម ក៏បានលើកឡើងពីជោគជ័យមួយចំនួនរបស់កម្ពុជា ទាក់ទងពិការភាពរួមមាន៖ ការផ្តល់អ្នកបកប្រែភាសា សញ្ញាតាមទូរទស្សន៍ ការអភិវឌ្ឍ សម្ភារសិក្សាដ៏ទូលំទូលាយ ដែលតម្រូវសម្រាប់ជនពិការ និងការអនុវត្តប្រព័ន្ធកូតាជ្រើសរើស បុគ្គលិក ដើម្បីធានាបាននូវការរួមបញ្ចូលនៅកន្លែងធ្វើការ និងព្រឹត្តិការណ៍ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីទ្បាអាស៊ានប៉ារ៉ាហ្គេម ដែលជាប្រវត្តិសាស្ត្រដ៏មាន សារៈសំខាន់ មួយក្នុងវិស័យពិការភាពដែលមិនធ្លាប់មានតាំងពីការកកើតប្រទេស ព្រមទាំង ការរៀបចំ សន្និសីទលើកទី៥ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (CBID5) ស្តីពី “ការអភិវឌ្ឍ សហគមន៍ ប្រកបដោយបរិយាបន្ន” ផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា ក្នុងនាម ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម បានស្នើរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន គួរបន្ត ប្រកាន់ភ្ជាប់នូវគោលការណ៍ប្រព័ន្ធទំនាក់ទំនង ពហុភាគី និងការបន្តជំរុញការធ្វើ សេរីភាវូបនីយកម្ម ដើម្បីលើកកម្ពស់សិទ្ធិជន មានពិការភាព ក្នុងតំប់អាស៊ានឱ្យក្លាយទៅ ជាតំបន់មួយដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាបន្ន។ ទន្ទឹមនេះត្រូវបន្ត រក្សាឱ្យបាននូវ «មជ្ឈភាព» និង «ឯកភាពអាស៊ាន» សម្រាប់ កិច្ចការសង្គមកិច្ច ក្នុងការកសាងទំនាក់ទំនងសកលនិងតំបន់ដែលផ្តោតលើវិស័យពិការភាព។
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានគូសបញ្ជាក់ទៀតថា «យើងត្រូវពង្រឹង ការសម្រប សម្រួល ការរៀបចំគោលនយោបាយ និងគំនិតផ្តួចផ្តើមរបស់យើង ដើម្បីធានាថា យើង អាចស្តារ និងងើបចេញពីវិបត្តិបានដូចៗគ្នា សម្រាប់ជនមានពិការភាពក្នុងតំបន់ អាស៊ាន របស់យើង។ ក្នុងនោះ យើងត្រូវបន្ស៊ីកិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយ របស់យើង ជាមួយ នឹងកិច្ចខិតខំប្រឹងប្រែងថ្នាក់តំបន់ និងសកលដើម្បីសម្រេចបាននូវ សង្គតិភាព និង មិនមានការបែកខ្ញែកគ្នា»៕ by AKP

អត្ថបទដែលជាប់ទាក់ទង