សម្តេចតេជោ ហ៊ុន សែន និងប្រធាន Nippon Foundation មានបំណងរួមដំណើរជាមួយគ្នាទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានាពេលខាងមុខ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation បានឯកភាពគ្នានិងមានបំណងរួមដំណើរជាមួយគ្នា ទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ អនុញ្ញាតឱ្យលោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។
ក្នុងជំនួបនោះ លោក យូហេ សាសាកាវ៉ា មានប្រសាសន៍សម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះសមត្ថភាព នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាម ធ្លាប់មានវិបត្តិធ្ងន់ធ្ងរ ធ្លាប់មានបញ្ហាស្មុគស្មាញជាច្រើន មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍជឿនលឿនដ៏អស្ចារ្យ។ លោក យូហេ សាសាកាវ៉ា បានស្នើសុំសម្តេចតេជោធ្វើការចែករំលែកនូវរាល់ស្នាដៃ និងបទពិសោធន៍នៃការដឹកនាំរបស់សម្តេច ដើម្បីឱ្យរូបលោកចងក្រងជាឯកសារនៃការដឹកនាំរបស់សម្តេច ដើម្បីឱ្យពួកគាត់បានអានទុកជាមេរៀន សម្រាប់ជីវិតរបស់ពួកគាត់។
ក្នុងជំនួបគ្នានោះដែរ ភាគីទាំងពីរក៏បានពិភាក្សាពីបញ្ហានៅមីយ៉ាន់ម៉ា រួមទាំងកិច្ចខិតខំប្រឹងប្រែង និងទឹកចិត្តរបស់សម្តេចតេជោ ដែលចង់ឱ្យមីយ៉ាន់ម៉ាមានស្ថានភាពល្អប្រសើរឡើងវិញ។ ជារួមភាគីជប៉ុន បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពរបស់សម្តេចតេជោ ជាតួអង្គសំខាន់ដែលអាចផ្តល់នូវភាពល្អប្រសើរដល់មីយ៉ាន់ម៉ាបាន ដោយសាអ្វីដែលមីយ៉ាន់ម៉ារកំពុងជួបប្រទះនោះ គឺកម្ពុជាធ្លាប់ជួបកន្លងមកហើយ ប៉ុន្តែសម្តេចតេជោបានប្រែក្លាយបញ្ហាទាំងអស់នោះ មកកាន់សន្តិភាពដ៏ល្អប្រសើរ។
សម្តេចតេជោ និងលោក យូហេ សាសាកាវ៉ា បានឯកភាពគ្នា និងមានបំណងរួមដំណើរជាមួយគ្នាទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ ដែលនេះគឺជាការប្តេជ្ញាចិត្តរួមគ្នារបស់មេដឹកនាំទាំងពីរ ក្នុងការឯកភាពគ្នា មានបំណងរួមដំណើរគ្នាទៅបំពេញទស្សនកិច្ចនៅមីយ៉ានម៉ា៕ by AKP