ពលរដ្ឋខ្មែរ១៨នាក់ ដេករង់ចាំការវះកាត់ដូរ​សរីរាង្គ​នៅឥណ្ឌារាប់ខែ ខណៈលុយជិត១លានដុល្លារ ត្រូវតំណាងមន្ទីរពហុព្យាបាលមេត្រូ ប្រមូលគេចខ្លួនបាត់

ភ្នំពេញ៖ ពិតជាគ្រោះជាន់លើគ្រោះមែន ខ្លួនក៏ឈឺ លុយបង់ថ្លៃសេវាព្យាបាល​ត្រូវគេ​ប្រមូល​គេចខ្លួនបាត់អស់ទៀត។ ប្រជាពលរដ្ឋខ្មែរ ១៨នាក់ ដែលមានបញ្ហាតម្រង់នោម ដែល​​ហៅ​ទូទៅថាក្រលៀននោះ កំពុងផុងខ្លួនដេករង់ចាំសេវាដូរតម្រង់នោមនៅប្រទេស​ឥណ្ឌាអស់រាប់ខែហើយ តែមិនទទួលបានសេវាដោយសារលុយបង់សម្រាប់ការព្យាបាល​នោះ ត្រូវតំណាងមន្ទីរពហុព្យាបាលមេត្រូប្រមូលរត់គេចខ្លួនបាត់។
ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោម១៨នាក់ កំពុងដេកទន្ទឹងរង់ចាំសេវាព្យាបាលនៅប្រទេស​ឥណ្ឌា បានប្រាប់បណ្តាញព័ត៌មាន Fresh News តាមបណ្តាញតេឡេក្រាម ពីប្រទេសឥណ្ឌានៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា រូបគាត់មានជំងឺខូចតម្រងនោម ហើយបានទាក់ទងរកសេវា​ព្យាបាលជាមួយមន្ទីរ​ពហុព្យាបាល មេត្រូ អអ៉ិលវី (Metro RLV Polyclinic) ដែលជា​តំណាងរបស់មន្ទីរពេទ្យមេត្រូ របស់ប្រទេសឥណ្ឌា កាលពីខែមីនា ឆ្នាំ២០២៣។
ដើម្បីទទួលបានសេវាព្យាបាលដោយការដូរតម្រងនោមនៅប្រទេសឥណ្ឌា អ្នកជំងឺមកពីខេត្ត​បន្ទាយ​មានជ័យ ដែលសូមលាក់អត្តសញ្ញាណរូបនេះ បានបង់ប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ​អាមេរិក ឱ្យទៅលោក ង៉ែត សំអូន ជាអគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ អអិលវី នៅក្នុងរាជធានី​ភ្នំពេញ។
អ្នកជំងឺរូបនេះ បានបន្តរៀបរាប់ថា បន្ទាប់ពីបានលុយហើយនោះ រូបលោកត្រូវបានបញ្ជូន​ទៅ​កាន់ប្រទេសឥណ្ឌា ដើម្បីទទួលសេវាព្យាបាល។ ក្រោយពេលទៅដល់ប្រទេសឥណ្ឌា រូបលោក មិនទទួលបានសេវាដូរតម្រងនោម ដូចអ្វីដែលមន្ទីរពហុព្យាបាលមេត្រូ បានសន្យា​នោះ​ឡើយ។
អ្នកជំងឺរូបនេះ បានដេករង់ចាំសេវាដូរតម្រងនោមនៅប្រទេសឥណ្ឌាអស់រយៈពេល៧ខែមក​ហើយ។ បើតាមអ្នកជំងឺរូបនេះបានឱ្យដឹងថា ការដែលរូបលោក មិនទទួលបានសេវា​ដូរ​តម្រង​នោមនេះ ដោយសារតែលោក ង៉ែត សំអូន ដែលជាអគ្គនាយកមន្ទីរ​ពហុ​ព្យា​បាល​មេត្រូ នៅក្នុងរាជធានីភ្នំពេញ មិនបានបង់ប្រាក់ឱ្យទៅមន្ទីរពេទ្យមេត្រូនៅក្នុងប្រទេស​ឥណ្ឌា​។ នៅពេលសួរទៅតំណាងមន្ទីរពហុព្យាបាលមេត្រូនៅភ្នំពេញ គេបានអះអាងថា ក្រុម​ហ៊ុន​នៅ​ភ្នំពេញក្ស័យធន មិនមានលុយបង់សម្រាប់ការព្យាបាលនេះឡើយ។
ក្រៅតែពីអ្នកជំងឺដែលបានផ្តល់ព័ត៌មានខាងលើនេះ នៅមានអ្នកជំងឺជាពលរដ្ឋខ្មែរ ១៧​នាក់​ផ្សេងទៀត កំពុងដេករង់ចាំដំណោះស្រាយ និងទទួលបានសេវាដូរតម្រងនោម។ ប៉ុន្តែការរង់​ចាំបានអូសបន្លាយអស់ជាច្រើនខែ ដោយគ្មានពន្លឺដំណោះស្រាយ ហើយលោក ង៉ែត សំអូន ដែលជាអ្នកទទួលលុយនោះ បានគេចខ្លួនបាត់ហើយ។
បើតាមអ្នកជំងឺខាងលើនេះ បានអះអាងថា ទាំងរូបលោក និងអ្នកជំងឺ ១៧នាក់ទៀត សុទ្ធ​តែ​ជាអ្នកត្រូវដូរតម្រងនោម ហើយបានបង់ថ្លៃសេវាដូរនេះរួចរាល់ហើយ។ មកដល់ពេល​នេះ អ្នកជំងឺខ្លះដេករង់ចាំការដូរតម្រងនោម រយៈពេល៤ ខ្លះ៥ ខ្លះ៧ខែ ខ្លះ៨ខែ និងខ្លះទៀត ៩ខែហើយ។ ខណៈពន្លឺនៃការទទួលបានសេវាដូរតម្រងនោមមិនដឹងថា លទ្ធផលយ៉ាងណានោះ ពួកគាត់ក៏ត្រូវចំណាយថ្លៃលាងឈាម និងថ្លៃអាហារហូបចុកអស់ជាច្រើនទៀត។
ពលរដ្ឋខ្មែរកំពុងមានជំងឺតម្រងនោមទាំង១៨រូបនេះ និងកំពុងទន្ទឹងរង់ចាំឱកាសបន្តដង្ហើម​ជីវិត​តាម​រយៈការដូរតម្រងនោម បានអំពាវនាវសូមការជួយអន្តរាគមន៍ពី សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពួកគេគ្មានក្តីសង្ឃឹមថា លោក ង៉ែត សំអូន អគ្គនាយកមន្ទីរ​ពហុ​ព្យា​បាល​មេត្រូ នៅរាជធានីភ្នំពេញ នឹងចេញមុខដោះស្រាយ​នោះ​ឡើយ។
ពាក់ព័ន្ធនឹងករណីខាងលើ ជាការលើកឡើងរបស់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល​នៅប្រទេសឥណ្ឌា៕ by FN

អត្ថបទដែលជាប់ទាក់ទង