ឯកឧត្តម ហ៊ុន ម៉ានី ជូនពរដល់អត្តពលិក ដែលចូលរួមធីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤នេះ ទទួលបានជោគជ័យលើបេសកកម្មតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា នឹងចាប់ផ្តើមការប្រកួត នៅក្នុងកម្មវិធីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ASIAN Para Games លើកទី៤ នៅទីក្រុងហាន់ចូវ ប្រទេសចិន។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្នុងនាមជាសហការី នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានជូនពរដល់អត្តពលិកទាំងអស់ទទួលបានជោគជ័យលើបេសកកម្មតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់គ្រូបង្វឹក ក្រុមការងារ និងអត្តពលិកទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងកន្លងមក ទាំងការសម្របសម្រួលការងារ ការបង្វឹកបង្រៀន ក៏ដូចជាការប្រឹងប្រែងហ្វឹកហាត់ក្នុងគោលដៅដើម្បីទទួលបានលទ្ធផលល្អ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ទោះបីជាលទ្ធផលនៃការប្រកួតយ៉ាងណាក៏ដោយ សូមចងចាំថា អ្នកទាំងអស់គ្នាដែលជាអត្តពលិកទាំងអស់តែងតែមានប្រជាជនកម្ពុជា នៅជាមួយគ្នាគាំទ្រ បង្ហាញភាសាបេះដូងសម្រាប់កម្ពុជា និងលើកទឹកចិត្តគ្រប់ពេលវេលាក្នុងស្មារតីលើសពីការប្រកួត #BeyondTheGames។
សូមបញ្ជាក់ជូនថា កម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកកីឡាជនពិការកម្ពុជា ៦ប្រភេទកីឡា ដោយក្នុងនោះ កីឡាប្រភេទជាក្រុមមានចំនួន២ គឺក្រុមបាល់ទះអង្គុយ បុរស៨នាក់ និងកីឡាបាល់បោះជិះរទេះនារី ១២នាក់ និង ប្រភេទកីឡា៤ ប្រភេទផ្សេងទៀត ចូលរួមក្នុងកម្មវិធីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ASIAN Para Games លើកទី៤ នៅទីក្រុងហាន់ចូវ ប្រទេសចិន៕​ by AKP

អត្ថបទដែលជាប់ទាក់ទង