ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធាន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង អាណត្តិទី៥
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានរៀបចំ ពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធាន គណៈកិត្តិយសសាខា និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងអាណត្តិទី៥ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកឧកញ៉ា លោកជំទាវ គណៈកិត្តិយស គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ប្រធាន អនុប្រធានគណៈកម្មាធិការ មន្ត្រីប្រចាំការ អនុសាខា មន្ទីរ អង្គភាព អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ និងយុវជន ស.ស.យ.ក ក្រុងព្រៃវែង សរុបចំនួន ២០៤នាក់។
ឯកឧត្តម សុខ ផេង ប្រធានស្ដីទីគណៈកម្មាធិការសាខាខេត្ត បានលើកឡើងថា ក្នុងរយៈពេល ៤ឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែកញ្ញា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសារ រងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ សរុបចំនួន ១,៥៩០គ្រួសារ/នាក់ ស្មើនឹង ៥៤០លើក ក្នុងនោះរងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ៩២១ខ្នង ស្មើនឹង ៩២១ គ្រួសារ អគ្គិភ័យ ២១៧គ្រួសារ រន្ទះបាញ់ស្លាប់ ២២នាក់ លង់ទឹកស្លាប់ ៨០នាក់ គ្រោះថ្នាក់ចរាចរណ៍ ៩៨នាក់ ទឹកជំនន់ប៉ះពាល់ ១១គ្រួសារ ស្លាប់ដោយសារជំងឺ១១១នាក់ គ្រោះថ្នាក់ឧប្បទវហេតុ ៤៣នាក់ និងបាក់ច្រាំងទន្លេ ៨៧ខ្នងផ្ទះ ស្មើនឹង៨៧គ្រួសារ។
ក្នុងឱកាសនោះ លោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកា នាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា បានអានសេចក្តីសម្រេចស្តីពីការកែសម្រួល និងតែតាំង សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥ មានដូចជា៖ ១.ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយស ចំនួន ៣៦រូប។ ២.ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា និងសមាជិក ចំនួន ១២រូប ព្រមទាំងសមាជិកបម្រុង ចំនួន ២រូប។
ជាមួយគ្នានោះដែរ ឯកឧត្តម សួន សុម៉ាលីន ត្រូវបានប្រកាសជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីបន្តការដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងនេះ ឱ្យទទួលបានលទ្ធផលកាន់តែប្រសើរ ឡើងបន្ថែមទៀត ក្នុងនោះឯកឧត្តម សួន សុម៉ាលីន បានធ្វើការប្ដេជ្ញាចិត្ត រក្សាខ្ជាប់នូវគោលករណ៍គ្រឹះទាំង ៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមគឺ៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។ រក្សាគុណតម្លៃ តម្លាភាព គណយយ្យភាព ជំនឿទុកចិត្ត ការទទួលស្គាល់ ការត្រៀមខ្លួនជាស្រេច បរិយាប័ន្ន ប្រសិទ្ធភាព ប្រសិទ្ធផល និងការប្តេជ្ញាចិត្ត។ បន្តប្រតិបត្តិតាមគោលការណ៍ណែនាំរបស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌ឱ្យបានជោគជ័យ និងមានប្រសិទ្ធភាព។ បន្តពង្រឹងការរក្សាកិត្តិនាមជាសមាគមជាតិ មានដំណើរការល្អ មានភាពម្ចាស់ការ ជាប្រតិបត្តិករដ៏រឹងមាំ និង បំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយអាត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ។ ការពារ និងលុបបំបាត់ជំងឺឆ្លង មិនឆ្លង ធ្វើអន្តរាគមន៍សុខភាពគ្រាអាសន្ន សុខភាពមនុស្សចាស់ សង្គ្រោះបឋម និង ការលើកកម្ពស់សុខភាព សហគមន៍។ ក្សាសាមគ្គីភាព ឯកភាពរួមដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងជួរគណ:កម្មាធិការសាខា។ ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខា និង អនុសាខាក្រុង ស្រុកឱ្យអនុវត្តន៍បានល្អនូវភារកិច្ចស្របតាមយុទ្ធសាស្រ្តកាកបាទក្រហម កម្ពុជា(២០២១-២០៣០) ក្នុងនោះផ្អែកលើវិស័យអាទិភាពទាំង ៤។ បង្កើនគំនិតស្មារតីច្នៃប្រឌិត ក្នុងការងារកៀរគររកមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើសេវាកម្ម មនុស្សធម៌ជូនសាខា។ បន្តពង្រឹងសមត្ថភាពក្រុមប្រតិបត្តិសាខា និងក្រុមកាកបាទក្រហម តាមឃុំ/សង្កាត់ អ្នកស្ម័គ្រចិត្តឱ្យបំពេញ ភារកិច្ចមនុស្សធម៌ នៅភូមិសាស្ត្រខ្លួន ឱ្យបានល្អប្រសើរទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ប្តេជ្ញាចិត្តបន្តការពង្រីក សមត្ថភាពអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា លើការងារសង្គ្រោះបឋម និងពង្រឹងសកម្មភាពអប់រំសុខភាពក្នុងសហគមន៍នៅមូលដ្ឋាន។
លោកជំទាវ ពុំ ចន្នីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បើមានប្រសាសន៍ថា បន្តអនុវត្តន៍យុទ្ធសាស្ត្រ ២០២១-២០៣០ ដែលវិស័យអាទិភាពចំនួន៤ រួមមាន៖ វិស័យអាទិភាព ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ។ វិស័យអាទិភាពបន្ទាប់ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ដែលរួមមានជាពិសេស ការងារឥស្សរជនឆ្នើម ជាសកម្មភាពទៀងទាត់ ដូចភ្លៀងរលឹម។ វិស័យអាទិភាព ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងវិស័យអាទិភាព ការអភិវឌ្ឍស្ថាប័នគឺការពង្រឹង ពង្រីក និងថែរក្សាបណ្តាញអ្នកស្ម័គ្រចិត្ត និងយុវជន។នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ទើបតែងតាំងថ្មី បានមានប្រសាសន៍ កោតសរសើរ និងមានតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលបានអនុវត្តន៍កន្លងមក និងបាន គាំទ្រចំពោះកិច្ចការងារទាំងអស់ដែលសាខាការបានអនុវត្តន៍កន្លងមកនោះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំដល់ប្រធាន គណៈកម្មការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលបានប្រកាសតែងតាំងថ្មីនេះ ត្រូវជំរុញឱ្យសាខាកាក បាទក្រហមកម្ពុជាខេត្តព្រៃវែង ខិតខំបន្តអនុវត្តន៍ចំពោះការងារមនុស្សធម៌នេះជាបន្តទៀត ធ្វើយ៉ាងណាដើម្បីជួយ សម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលជួបនូវគ្រោះអន្តរាយគ្រោះ ធម្មជាតិផ្សេងៗបានទាន់ពេលវេលា និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា៕ by AKP